សម្ភារៈបរិក្ខាផ្សេងៗ ដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ក្នុងនោះមានសន្លឹកឆ្នោត និងហឹបឆ្នោតជាដើម នឹងត្រូវដឹកចេញទៅតាមបណ្តារាជធានី ខេត្ត នានាហើយ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ។
លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅរសៀលថ្ងៃនេះថា សន្លឹកឆ្នោតត្រូវបានបោះពុម្ពរួចរាល់តាំងពីថ្ងៃទី០៥ ខែកក្កដា មកម្លេះ។ ហើយសន្លឹកឆ្នោតទាំងនោះក៏បានបញ្ចូលទៅក្នុងឃ្លាំងផងដែរ។ លោកបន្តថា នៅថ្ងៃទី១៧ ខែកក្កដា នេះ ជាថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រៀមរៀបចំសម្ភារៈបរិក្ខានានា រួមទាំងសន្លឹកឆ្នោតផង សម្រាប់ដឹកជញ្ជូនទៅតាមបណ្តាខេត្តគោលដៅផ្សេងៗសម្រាប់បម្រើឲ្យការបោះឆ្នោត ហើយនឹងដឹកចេញនៅថ្ងៃទី១៨ ខែកក្កដា ស្អែកនេះ ។
ដូច្នេះស្អែកនេះ គ.ជ.ប ចាប់ផ្តើមដឹកជញ្ជូនសម្ភារៈបរិក្ខាផ្សេងៗ ដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ទៅប្រគល់ជូនគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង២៥ ហើយគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំងនោះ នឹងចាត់ចែងដឹកជញ្ជូនបន្តទៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។ បន្ទាប់មកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត នឹងបញ្ជូនបន្តទៅការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស មិនឲ្យហួស៣៦ម៉ោងមុនថ្ងៃបោះឆ្នោតនោះឡើយ។
គួររំលឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ ក្នុងនោះមានគណបក្សចំនួន១៨ បានចូលរួមប្រគួតប្រជែង៕