គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានដាក់ទោសតាមច្បាប់ ចំពោះបុគ្គលណាដែលណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ដែលការព្រមាននេះបានធ្វើឡើង បន្ទាប់ពីមានបុគ្គលមួយចំនួនបានធ្វើយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ដើម្បីធ្វើឲ្យក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយសាតែ គ្មានគណបក្សភ្លើងទៀន។ តាមរយៈសេចក្តីថ្លែងការណ៏របស់ខ្លួននៅថ្ងៃទី១១ ខែកក្កដា នេះ គ.ជ.បបានលើកឡើងថា ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្តាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជា ពលរដ្ឋគូសសន្លឹកឆ្នោតចោល ពេលទៅបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថា គ្មានគណបក្សភ្លើងទៀន។ បើតាម គ.ជ.ប អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។ មាត្រា១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ចែងថា ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិតដូចជា៖ ណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ ចំពោះជនដែលបានប្រព្រឹត្តល្មើសណាមួយ ដូចបានដកស្រង់ខាងលើនេះ នឹងត្រូវលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត និងលុបបេក្ខភាពរបស់សាមីខ្លួន និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិចបន្ថែមទៀត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គ.ជ.ប បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកជនទុច្ចរិត និងជនអគតិមួយចំនួន ដែលមានចេតនាបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសិទ្ធិខ្លួនឯង និងអ្នកដទៃ ហើយជាទង្វើផ្ទុយនឹងច្បាប់។ ជាមួយគ្នានោះ គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ទាំងអស់ត្រៀមខ្លួន និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា។ ដើម្បីឲ្យដំណើការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន គ.ជ.ប បានលើកទឹកចិត្តម្ចាស់ឆ្នោតគូសសញ្ញាធិក (√) គាំទ្រគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយការចូលរួមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដូចដែលប្រជាពលរដ្ឋធ្លាប់មានបទពិសោធន៍បោះឆ្នោតជាច្រើនលើកច្រើនសារួចមកហើយ។ គួររំលឹកថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ មានគណបក្សចំនួន១៨ បានចូលរួមប្រគួតប្រជែង ហើយក្នុងចំណោមគណបក្សទាំង១៨នោះ មិនមានវត្តមានគណបក្សភ្លើងទៀននោះទេ។ ដោយតែបញ្ហានេះ ទើបមានក្រុមជ្រុលនិយមមួយចំនួនបានធ្វើយុទ្ធនាការឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រគណបក្សភ្លើងទៀន គូសសន្លឹកឆ្នោតចោល ដើម្បីឲ្យសន្លឹកឆ្នោតនោះក្លាយជាសន្លឹកឆ្នោតមិនបានការ៕