មកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ គឺជាថ្ងៃទី១០ នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សនយោបាយ ដែលទទួលបានសិទ្ធិក្នុងការចូលរួមប្រគួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពី៧ ឆ្នាំ២០២៣ ហើយបើគិតត្រឹមថ្ងៃទី១០ នេះ ខែកក្កដា នេះ មានបណ្តឹងចំនួន២ហើយ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ។ លោក សោម សូរីដា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា នេះថា ជាទូទៅបរិយាកាសនៃការឃោសនារបស់គណបក្សនយោបាយ រយៈពេលកន្លងមក បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ទោះជាយ៉ាងណា លោក សោម សូរីដា បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានបណ្តឹងចំនួន២ គឺទី១. បណ្តឹងនៅខេត្តបន្ទាយមានជ័យ ដែលបណ្តឹងនេះ ប្តឹងដោយអនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុកម៉ាឡៃ ប្តឹងចំពោះបុគ្គលដែលបានបង្ហោះសារញុះញង់។ ទី២. នៅរាជធានីភ្នំពេញ ជាបណ្តឹងរបស់ប្រជារដ្ឋនៅសង្កាត់ភ្នំពេញថ្មី ដែលបានប្តឹងចំពោះជនមិនស្គាល់មុខ ដែលបានយកស្លាកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទៅបិទនៅលើរូបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺរូបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ គួររំលឹកថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៣ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ មានគណបក្សចំនួន១៨ បានចូលរួមប្រគួតប្រជែង ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់លំដាប់លេខរៀងរួចរាល់ហើយ ក្នុងនោះ លេខរៀងទី១៖ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លេខរៀងទី២៖ គណបក្សខ្មែរតែមួយ លេខរៀងទី៣៖ គណបក្សសញ្ជាតិកម្ពុជា លេខរៀងទី៤៖ គណបក្សខ្មែររួបរួមជាតិ លេខរៀងទី៥៖ គណបក្សកម្លាំងប្រជាធិបតេយ្យ លេខរៀងទី៦៖ គណបក្សកសិករ លេខរៀងទី៧៖ គណបក្សស្រ្តីដើម្បីស្ត្រី លេខរៀងទី៨៖ គណបក្សខ្មែរឈប់ក្រ លេខរៀងទី៩៖ គណបក្សហ្វ៊ុនស៊ិនប៉ិច លេខរៀងទី១០៖ គណបក្សធម្មាធិបតេយ្យ។ លេខរៀងទី១១៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លេខរៀងទី១២៖ គណបក្សបំណងប្រជាពលរដ្ឋ លេខរៀងទី១៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទី១៤៖ គណបក្សឯកភាពជាតិខ្មែរ លេខរៀងទី១៥៖ គណបក្សខ្មែរអភិរក្ស លេខរៀងទី១៦៖ គណបក្សយុវជនកម្ពុជា លេខរៀងទី១៧៖ គណបក្សជនជាតិដើមប្រជាធិបេតយ្យ និងលេខរៀងទី១៨៖ គណបក្សប្រជាជនកម្ពុជា៕