នៅត្រឹមឆមាសទី១ កម្ពុជាបានទទួលជើងហោះហើរអន្តរជាតិ ចូលសរុប១០,៦៣៥ជើង ខណៈការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះបានឱ្យដឹងថា កម្ពុជាអាចទទួលបានទេសចរអន្តរជាតិប្រមាណ៥លាននាក់។ក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្នុងឆមាសទី១ ចាប់ពីខែមករា ដល់ឆ្នាំមិថុនា ឆ្នាំ២០២៣ ជើងហោះហើរអន្តរជាតិ ចូលកម្ពុជា មានចំនួនសរុប១០,៦៣៥ជើង។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PNH) បានទទួលជើងហោះហើរចំនួន៧,៩៥៣ជើង,អាកាសយានដ្ឋានអន្តរជាតិ សៀមរាប (REP)បានទទួលជើងហោះហើរចំនួន ២,៤២៧ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)បានទទួលជើងហោះហើរចំនួន ២៥៥ជើង។ ក្រសួងឱ្យដឹងបន្តថា ក្នុងឆមាសទី១នេះដែរ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២.៥៧លាននាក់ ក្នុងចំណោមភ្ញៀងទេសចរសរុបសរុបចំនួន១១.១លាននាក់ គឺកើនឡើង ៤០៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ខណៈការព្យាករណ៍ចុងក្រោយនៅឆ្នាំ២០២៣នេះ កម្ពុជាអាចទទួលបានទេសចរអន្តរជាតិ ប្រមាណ៥លាននាក់៕