នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រកាសប្រាប់សាធារណជន ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម ត្រូវប្រញ៉ាប់ទំនាក់ទំនងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ក្នុងប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្នុងករណីប្រជាពលរដ្ឋទាំងឡាយណា ដែលរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម អាចទំនាក់ទំនងទៅកាន់លេខ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។យ៉ាងណាក៏ដោយ នៅក្នុងប្រកាសនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពុំបានបញ្ជាក់អំពីនីតិវិធី ឬដំណោះស្រាយនៅមួយនោះទេ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះក្រុមហ៊ុនឯកជនមួយចំនួនបានផ្សព្វផ្សាយ អំពីកម្ចីខុសច្បាប់ជាសាធារណះយ៉ាងសកម្មតាមរយះបណ្តាញសង្គម ការចែកនាមប័ណ្ណ និងផ្ញើសារតាមទូរស័ព្ទ ជាដើម។ ធនាគារជាតិនៃកម្ពុជា បានបង្ហាញពីផលវិបាកបណ្តាលមកពីការប្រើប្រាស់កម្ចីខុសច្បាប់ ដែលអាចធ្វើឱ្យអតិថិជនប្រឈមមុខនឹងបំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់និងកម្រៃសេវាផ្សេងៗ ខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់ និងការគណនាការប្រាក់ពុំត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិ ជាដើម។ ធនាគារជាតិនៃកម្ពុជា ក៏បានស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬ អ្នកផ្តល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់ផងដែរ៕