ទឹកខ្មៅជ្រលក់ដៃសម្រាប់បម្រើដល់ការបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាទិញពីប្រទេសឥណ្ឌា ចំនួន ៥២,០០០ដប ដែលមានតម្លៃជាង៩០ម៉ឺនដុល្លារ។ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌា ចំនួន ៥២,០០០ដប ដោយ១ដប មានតម្លៃ ១៧.៦៣ដុល្លារ។ លោក លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា កម្ពុជាបានចំណាយ ៩១៦,៧៦០ដុល្លារ លើថ្លៃទឹកថ្នាំ និងចំណាយថវិកា ៤៦,៥៥០ដុល្លារ លើថ្លៃដឹក និងធានារ៉ាប់រង។ ចំណែកលោក ទេព នីថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ទឹកខ្មៅ ជ្រលក់ដៃ គឺជាទឹកខ្មៅមានគុណភាពល្អ មិនអាចមាននរណាលាង ឬជូតជ្រះភ្លាមៗឡើយ ហើយពលរដ្ឋម្នាក់មានសិទ្ធិបោះឆ្នោតបានតែម្តង (១លើក) និងត្រូវមានឯកសារពាក់ព័ន្ធទៀត ហើយមិនអាចនរណាបោះឆ្នោតបាន២ដងនោះទេ ខណៈនៅតាមការិយាល័យបោះឆ្នោត មានតំណាងគណបក្សនយោបាយ ភ្នាក់ងារសង្កេតការណ៍សង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ- អន្តរជាតិ នៅគ្រប់ការិយាល័យទូទាំងប្រទេស។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕