ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចការសាងសង់បាន ៨៥ភាគរយ ខណៈគម្រោងនឹងបញ្ចប់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ ហើយធ្វើឱ្យរំហូរចរាចរណ៍ មានភាពប្រសើរឡើងនៅពេលខាងមុខ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន ៨៥ភាគរយ នៃគម្រោង ខណៈផែនការសាងសង់នឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៣។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងបន្តថា ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរណ៍ពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។
សូមបញ្ជាក់ថា ស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរា មានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០ម៉ែត្រ និងត្រូវចំណាយថវិកាចំនួន ៣៨លានដុល្លារ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់កាលពីខែតុលា ឆ្នាំ២០២០៕