សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញដល់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ឱ្យរួមគ្នាប្រឆាំងសកម្មភាពបំពានដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើក ចៀសវាងមានអំពើភេរវកម្មណាមួយកើតឡើងចំពោះប្រទេសអាស៊ាន។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការនី នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣។
នៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យអ្នកណាមកឈ្លានពានឡើយ ហើយក្រសួងការបរទេស បានចេញសេចក្ដីថ្លែងការណ៍រួចហើយដែរ។
សម្ដេចតេជោ បានបន្តថា សម្ដេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរួចហើយដែរ ប្រសិនបើមានការបំពាននោះ រាជរដ្ឋាភិបាលនឹងចេញលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា អាស៊ានត្រូវរួមគ្នាប្រឆាំងសកម្មភាពបំពានដោយដ្រូន ព្រោះវាអាចត្រូវវាយប្រហារទៅប្រទេសណាមួយនៅអាស៊ាន។
សូមបញ្ជាក់ថា រាជដ្ឋាភិបាលកម្ពុជា បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធប្រមាណ៥០០នាក់ តាមបណ្ដាគោលដៅនៅខេត្តក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី បន្ទាប់ពីមានករណីប្រទះឃើញមានដ្រូនជាច្រើនគ្រឿង បានហោះចូលក្នុងទឹកដីកម្ពុជា ដោយគ្មានប្រភពច្បាស់លាស់៕