-
ភ្ញាក់ផ្អើល! ពូទីនផ្លាស់ទីកងនាវារុស្ស៊ីទៅកាន់កោះតៃវ៉ាន់
យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី២៨ ខែមិថុនាបានអោយដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថាតៃវ៉ាន់បានប្រទះឃើញនាវាចម្បាំងរុស្ស៊ីពីរគ្រឿងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃអង្គារ ហើយបានបញ្ជូនយន្តហោះ និងកប៉ាល់ផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីរក្សាការឃ្លាំមើល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ ក្រសួងបាននិយាយថា នាវាចម្បាំងពីរគ្រឿងបានបើកក្នុងទិសដៅភាគខាងជើងនៃឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់ ហើយបន្ទាប់មក"ចាកចេញពីតំបន់ឆ្លើយតបរបស់ពួកគេ" ក្នុងទិសដៅភាគអាគ្នេយ៍ចេញពីទីក្រុងកំពង់ផែ Suao ដែលជាជម្រករបស់មូលដ្ឋានកងទ័ពជើងទឹកតៃវ៉ាន់ដ៏សំខាន់មួយ។
យោធារបស់តៃវ៉ាន់បានបញ្ជូនយន្តហោះ និងកប៉ាល់ ដើម្បីរក្សាការឃ្លាំមើល និងបើកប្រព័ន្ធកាំជ្រួចដែលមានមូលដ្ឋានលើឆ្នេរសមុទ្រ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអង្គារថា នាវានៃកងនាវាចរប៉ាស៊ីហ្វិករបស់រុស្ស៊ីបានចូលមកដល់ផ្នែកភាគខាងត្បូងនៃសមុទ្រហ្វីលីពីន ដើម្បីបំពេញភារកិច្ចដែលជាផ្នែកមួយនៃការឆ្លងកាត់សមុទ្ររយៈចម្ងាយឆ្ងាយ។
កត់សម្គាល់ថា តៃវ៉ាន់បានចូលរួមជាមួយអាមេរិក និងសម្ព័ន្ធមិត្តក្នុងការដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងរុស្ស៊ីកន្លងមក ក្រោយការលុកលុយរបស់ពួកគេមកលើអ៊ុយក្រែន។
-
មន្ត្រីអាមេរិកថាឧត្តមសេនីយ៍រុស្ស៊ីបានដឹងអំពីផែនការបះបោររបស់មេទាហានស៊ីឈ្នួល
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៧ ខែមិថុនាបានអោយដឹងថា ឧត្តមសេនីយ៍ជាន់ខ្ពស់រុស្ស៊ីម្នាក់បានដឹងជាមុនអំពីផែនការរបស់លោក Yevgeny Prigozhin ក្នុងការបះបោរប្រឆាំងនឹងភាពជាអ្នកដឹកនាំយោធារបស់រុស្ស៊ី នេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកបានរាយការណ៍អំពីព័ត៌មានសម្ងាត់អាមេរិកលើបញ្ហានេះ។
ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងព្យាយាមសិក្សាថាតើឧត្តមសេនីយលោក Sergei Surovikin អតីតមេទ័ពកំពូលរុស្ស៊ីនៅអ៊ុយក្រែន បានជួយរៀបចំផែនការសកម្មភាពរបស់លោក Prigozhin កាលពីចុងសប្តាហ៍មុន ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់លោកប្រធានាធិបតី Vladimir Putin ដែរឬទេ។
ក្រុមអ្នកវិភាគបាននិយាយថា ឧត្តមសេនីយ Surovikin គឺជាមេដឹកនាំយោធាដ៏គួរឱ្យគោរពមួយរូបដែលបានជួយពង្រឹងការការពារនៅទូទាំងសមរភូមិបន្ទាប់ពីការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន។ លោកត្រូវបានជំនួសតំណែងជាមេបញ្ជាការកំពូលក្នុងខែមករា ប៉ុន្តែបានរក្សាឥទ្ធិពលក្នុងប្រតិបត្តិការសង្រ្គាម ហើយនៅតែមានប្រជាប្រិយភាពក្នុងចំណោមកងទ័ព។
មន្ត្រីអាមេរិកក៏បាននិយាយផងដែរថា មានសញ្ញាដែលថាឧត្តមសេនីយរុស្ស៊ីផ្សេងទៀតក៏អាចគាំទ្រការប៉ុនប៉ងរបស់លោក Prigozhin ក្នុងការផ្លាស់ប្តូរការដឹកនាំរបស់ក្រសួងការពារជាតិដោយកម្លាំងផងដែរ។ បច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិក បាននិយាយថា លោក Prigozhin នឹងមិនអាចចាប់ផ្តើមការបះបោររបស់លោកទេ លុះត្រាតែលោកជឿថា អ្នកផ្សេងទៀតនៅក្នុងតំណែងមានអំណាចនឹងមកជួយលោក។
-
អ៊ុយក្រែនប្រឈមមុខនឹងបញ្ហាគ្រាប់មីននិងកម្លាំងមនុស្សនៅក្នុងការវាយលុក
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី២៧ ខែមិថុនាបានអោយដឹងថា មន្ត្រីអ៊ុយក្រែនបាននិយាយថាមកទល់ពេលនេះពួកគេបានទាមទារមកវិញយ៉ាងហោចណាស់ផ្ទៃដី130 គីឡូម៉ែត្រការ៉េនៅភាគខាងត្បូងរបស់ប្រទេសពីកងកម្លាំងរុស្ស៊ី ដែលបានចំណាយពេលជាច្រើនខែក្នុងការពង្រឹងបន្ទាយការពារ និងដាក់ទីតាំងការពារទឹកដីដែលបានរឹបអូសយកចាប់តាំងពីការឈ្លានពានរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
មន្ត្រីយោធាអាមេរិកម្នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាពីការវាយតម្លៃសមរភូមិលើចំនុចដ៏រសើបនេះ បាននិយាយថា យោធារបស់អ៊ុយក្រែនឥឡូវនេះកំពុង "ប្រយុទ្ធនៅលើតំបន់សន្តិសុខមុនគេ" មុនពេលដាក់កម្លាំងមនុស្សភាគច្រើនរបស់ខ្លួនទៅកាន់ខ្សែបន្ទាត់សំខាន់ៗរបស់រុស្ស៊ី។
មន្ត្រីរូបនេះបាននិយាយថា៖ «អ្នកមិនអាចដាក់កម្លាំងទាំងស្រុងទេរហូតទាល់តែអ្នកមានគំនិតថាតើកន្លែងណាជាកន្លែងដែលធ្វើអោយយើងស្វែងរកជោគជ័យបានជាងគេបំផុតនោះ»។ «អ៊ុយក្រែនត្រូវតែរកឱ្យឃើញថាតើកន្លែងណាដែលប្រព័ន្ធការពាររុស្ស៊ីខ្សោយបំផុត និងផុយស្រួយបំផុត»។