គ្រឿងញៀន ជាច្រើនតោន ដែលសមត្ថកិច្ចបង្រ្កាប និងរឹបអូសពីក្រុមឧក្រិដ្ឋជន ត្រូវបានអាជ្ញាធរធ្វើពិធីដុតកម្ទេចចោល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថៃ្ងទី២៨ ខែមិថុនា ឆាំ២០២៣ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងពិធីនេះថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន៣១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧៤៨០នាក់ និងការរឹបអូសគ្រឿងញៀនបានចំនួនជាង៨៣៨គីឡូក្រាម។
សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង បានលើកឡើងថា គ្រាន់តែនៅរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ចបង្ក្រាបបានជាង៥តោនកន្លះ ដែលត្រូវដុតបំផ្លាញចោលនាពេលនេះ។ ប៉ុន្តែក្នុងចំនួននេះមិនបានគិតពីសារធាតុគីមីផ្សេងៗ ដែលត្រូវបន្សាប និងរំលាយចោលនៅពេលក្រោយនៅឡើយទេ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ។ របាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បង្ក្រាបបានបទល្មើសគ្រឿងញៀន ចំនួន ៩៧៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១.៨៥៧ នាក់ និងបានបញ្ចូនជនរងគ្រោះដោយសារគ្រឿងញៀន ចំនួន ៧.១៧៦ នាក់ ទៅអប់រំកែប្រែ និងស្តារនីតិសម្បទា៕