សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នាអនាគតនៅខេត្តកំពង់ស្ពឺ នឹងមានឧស្សាហកម្មធុនធ្ងន់មួយ ខណៈបច្ចុប្បន្នខេត្តនេះ កំពុងមានតម្រូវការកម្មករប្រមាណជា ៥ម៉ឺននាក់បន្ថែមទៀតមានប្រសាសន៍ជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ខេត្តកំពង់ស្ពឺ បានក្លាយជាខេត្តដែលមានការរីកចម្រើន និងមានរោងចក្រច្រើនលំដាប់ទីពីរ នៅកម្ពុជា ខណៈបច្ចុប្បន្នខេត្តមួយនេះ កំពុងមានតម្រូវការកម្មករប្រមាណជា៥ម៉ឺននាក់ បន្ថែមទៀត។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ខេត្តកំពង់ស្ពឺ មានរោងចក្រកែច្នៃ មានរោងចក្រសហគ្រាស មានរោងចក្រផលិតស្ករស ហើយពេលអនាគតនឹងមានឧស្សាហកម្មធុនធ្ងន់មួយដែលផលិតស៊ីម៉ងត៍ប្រមាណមួយឆ្នាំពីរលានតោន សម្រាប់ផ្គត់ផ្គង់សម្ភារសំណង់ទូទាំងប្រទេស។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានគួសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលសេសសល់ច្រើន ដែលពីមុនសម្ដេចធ្លាប់ចង់ផ្សារភ្ជាប់ប៉ូលសេដ្ឋកិច្ចទីមួយ និងទីពីរ តាមរយៈធ្វើឲ្យផ្លូវជាតិលេខ៤ ឱ្យក្លាយទៅជាតំបន់រោងចក្រ និងតំបន់កសិឧស្សាហកម្ម៕