មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាយុត្ដិធម្មរបស់ក្រសួងយុត្តិធម៌ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឲ្យក្រសួងយុត្តិធម៌ក្តាប់នយោបាយព្រហ្មទណ្ឌឲ្យជាប់ជានិច្ច ពីព្រោះភាពជ្រុលនិយមហួសហេតុកំពុងកើតមាននៅកម្ពុជា ហើយក្រុមជនជ្រុលនិយមមួយចំនួន ដែលបង្កហិង្សាភេវកម្មនៅវៀតណាម បានរត់មកលាក់ខ្លួនកម្ពុជា។
សម្ដេចនាយករដ្ឋមន្រ្តីលើកឡើងថា ក្រសួងយុត្តិធម៌ ក្នុងនាមតំណាងរាជរដ្ឋាភិបាល ក្នុងឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យបានរឹងមាំ ជា ពិសេសសម្រាប់ប្រទេសរបស់យើង ដែលពោរពេញទៅដោយអំពើជ្រុលនិយមហួសហេតុដែលបន្ដមានវត្តមាននៅកម្ពុជា ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឱ្យជាប់។ ហើយមិនត្រូវមើលស្រាលឡើយថា ហេតុអ្វីបានជាសុខ ៗផ្ទុះអាវុធនៅវៀតណាម ហើយឥឡូវនេះ ក៏មានមនុស្សមួយចំនួនកំពុងរត់ចូលមកលាក់ខ្លួន រស់នៅប្រទេសកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ មានការវាយប្រហារមួយបានកើតឡើង ដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានជិះម៉ូតូ ប្រដាប់ដោយកាំភ្លើង និងអាវុធផ្សេងៗ ចូលមកវាយប្រហារការិយាល័យរដ្ឋបាលឃុំ Ea Tieu និងមួយកន្លែងទៀតនៅទីស្នាក់ការនគរបាលឃុំ Ea Ktur ក្នុងស្រុក Cu Kuin ក្នុងខេត្ត ដាក់ឡាក់ បណ្ដាលអោយស្លាប់មន្ត្រីប៉ូលិស៤នាក់ មន្ត្រីឃុំ២នាក់ និងជនស៊ីវិល៣នាក់ ហើយមន្ត្រីប៉ូលិស២នាក់ទៀតបានរងរបួស។ នេះបើយោងតាមបណ្តាញព័ត៌មានផ្សេងៗ។
ក្រោយការវាយប្រហារនោះ មនុស្សចំនួន៤៥នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនោះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ នាំឲ្យចំនួនជនសង្ស័យដែលត្រូវចាប់ខ្លួន នេះបើយោងតាមសារព័ត៌មានវៀតណាម VN Express ។
លោក To An Xo មន្ត្រីអ្នកនាំពាក្យនគរបាលជាតិវៀតណាម បាននិយាយកាលពីថ្ងៃអង្គារ ទី១៣ មិថុនា ថា អាជ្ញាធរកំពុងស្វែងរកជនសង្ស័យដែលនៅសេសសល់។ រដ្ឋាភិបាលប្រទេសវៀតណាម បានប្រកាសផ្តល់សំណងចំនួន១០០លានដុង (4,260 ដុល្លារអាមេរិក) ជូនដល់ក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ដែលបាត់បង់ជីវិតទាំង៤នាក់។ ចំណែក ប៉ូលិសរងរបួសទាំងពីរនាក់ នឹងទទួលបានម្នាក់ៗ៥០លានដុង៕