“អគារសាលាយុត្តិធម្ម” ដែលជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហា អយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ តាមរបាយការណ៏របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានឲ្យដឹងថា ដីដែលសាងសង់ “អគារសាលាយុត្តិធម្ម” នេះ មានទំហំ៩,៤៥៦ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្តោយផ្លូវលោកតាក្រហមក ភូមិព្រែកលាប សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ (ក្នុងតំបន់អភិវឌ្ឍន៍ OCIC) ផ្តល់ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសាងសង់អគារសាលាយុត្តិធម៌ថ្មីដ៏ធំមួយសម្រាប់បំពេញការងាររួម។ លោកថា ការសាងសង់អគារនេះ ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ និងរបស់សាលាឧទ្ធរណ៍ភ្នំពេញមានទំហំតូច ហើយស្ថានភាពទីតាំងមិនអាចពង្រីកទីកន្លែងធ្វើការងារបាន ក៏ដូចជា មិនមានចំនួនសាលសវនាការគ្រប់គ្រាន់ ដើម្បីអាចឆ្លើយតបបានទៅ និងតម្រូវការ នៃការងារជាក់ស្តែង។
បើតាមលោក កើត រិទ្ធ បានឱ្យដឹងថា អគារសាលាយុត្តិធម៌ថ្មីនេះ ត្រូវបានគិតគូរសាងសង់ឡើងទៅតាមទម្រង់ជាអគារសាលាជម្រះក្តី ដែលខុសពីអគាររដ្ឋបាលធម្មតា ហើយដោយយក តាមលំនាំអគារសាលាយុត្តិធម៌ ដែលជាអតីតសាលាវិនិច្ឆ័យរបស់កម្ពុជា ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ តាំងពីឆ្នាំ១៩២៥ ហើយបច្ចុប្បន្នជាអគារទីស្ដីការក្រសួងយុត្តិធម៌។ អគារដ៏ស្កឹមស្កៃនេះ មានបណ្ដោយ៦២ម៉ែត្រ ទទឹង៦០ម៉ែត្រ កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ២៣,០៣៥ម៉ែត្រក្រឡា ព្រមទាំងបំពាក់ប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល២ឆ្នាំ និង៦ខែ ប្រើប្រាស់ថវិកាសរុបប្រមាណ១៤.៦លានដុល្លារអាមេរិក និងអនុវត្តគម្រោងសាងសង់ដោយក្រុមហ៊ុន លី ឈួង។
អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូងរាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើ ការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺយកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមានយុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ។
សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានផ្ទៃអគារ ប្រើប្រាស់ទំហំប្រមាណ១២,០០០ម៉ែត្រក្រឡា (ធំជាងទីតាំងចាស់ជិត២ដង ដោយទីតាំងចាស់មានផ្ទៃក្រឡាប្រមាណ ៦,៧២១ម៉ែត្រក្រឡាប៉ុណ្ណោះ) និង មាន សាលសវនាការចំនួន១២ (កើនឡើងចំនួន ៧សាលសវនាការ)។ ដោយ ឡែកសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ទទួលបានផ្ទៃអគារសម្រាប់ប្រើប្រាស់សរុបប្រមាណ៨,០០០ម៉ែត្រក្រឡា (ធំជាង ទីតាំងចាស់៥ដង ដោយទីតាំងចាស់មានផ្ទៃក្រឡាប្រមាណតែ១,៥៧៧ម៉ែត្រក្រឡា ប៉ុណ្ណោះ) និងមានសាលសវនាការ ចំនួន៥ (កើនឡើង ២ សាលសវនាការ)។
ទន្ទឹមនេះ អគារថ្មីនេះ ក៏មានផ្ទៃសម្រាប់ប្រើប្រាស់រួមគ្នាចំនួន២,៧១៩ម៉ែត្រ ក្រឡាផងដែរ ជាអាទិ៍ សហសាលដ៏ធំមួយដែលអាចផ្ទុក មនុស្សបានប្រមាណ៣១៥នាក់ និងមានទីតាំង សម្រាប់ប្រើប្រាស់ជាឃ្លាំងរក្សាទុកឯកសារសំណុំរឿងផងដែរ។
បន្ទាប់ពីសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានផ្លាស់ប្ដូរមកទីតាំងថ្មីនេះរួច ទីតាំងចាស់របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានប្រគល់ឱ្យក្រសួងយុត្តិធម៌វិញ ដើម្បីក្រសួងជួសជុលអគារចាស់ និងកសាងអគារថ្មីបន្ថែម សម្រាប់ជាទីកន្លែងបំពេញការងាររបស់មន្ត្រីនៃក្រសួងយុត្តិធម៌។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យចៅក្រមប្រើយន្តការសម្របសម្រួលឱ្យអស់លទ្ធភាពលើរឿងក្តីនានា និងណែនាំឱ្យដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។
បើតាមសម្តេចតេជោ ហ៊ុន សែន ដើម្បីធានាសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌ ជានយោបាយដែលត្រូវយកចិត្តទុកដាក់។ សម្តេចបន្តថា ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាព នៅក្នុងរបៀបវារៈ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ “អភិបាលកិច្ចល្អ” និង “នីតិរដ្ឋ” សម្រាប់គ្រប់គ្រង និង ដឹកនាំរដ្ឋ ស្របតាមគោលការណ៍នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ នៅក្នុងសង្គមនីតិរដ្ឋ អំណាចតុលាការ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់, ការការពារប្រឆាំងការបំពានដោយអយុត្តិធម៌ក្នុងសង្គម ធានាថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ណែនាំលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្ម ក្នុងការដោះស្រាយវិវាទ សម្របសម្រួល ផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគី ឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ និងណែនាំឲ្យចៅក្រមព្យាយាមសម្របសម្រួលលើជម្លោះប្តីប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា។
សម្តេចតេជោ បានណែនាំក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័សសម្រាប់ការគ្រប់គ្រងការសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយ ក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា៕