1. អង់គ្លេសព្រមានអង្គការណាតូពីបរាជ័យនៃការវាយបករបស់អ៊ុយក្រែន
យោងតាមសារព័ត៌មាន Telegraph របស់អង់គ្លេសចុះផ្សាយថ្ងៃទី១៧ ខែមិថុនាបានអោយដឹងថា អ៊ុយក្រែនទំនងជាមិនអាចទទួលបានជ័យជម្នះលឿននោះទេ។ ណាតូត្រូវតែការពារបារាំង និងអាឡឺម៉ង់ដែលកំពុងតែវិលវល់នៅក្នុងរឿងនេះ។ ណាតូចាំបាច់ត្រូវទប់ទល់នឹងការរំពឹងទុកនៃការវាយបករបស់អ៊ុយក្រែនដែលកំពុងបរាជ័យក្នុងការសម្រេចបានជោគជ័យសំខាន់ៗ។ ជាការពិតណាស់ រហូតមកដល់ពេលនេះ ទីក្រុង Kyiv ទទួលបានផលចំណេញតិចតួចប៉ុណ្ណោះ។ ហានិភ័យគឺនៅត្រង់ថាលោក Emmanuel Macron និងលោកOlaf Scholz អាចនឹងបន្តការបញ្ចុះបញ្ចូលរបស់ពួកគេដើម្បីដាក់សម្ពាធទីក្រុង Kyiv អោយឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពអោយបានមុនពេលផុតឆ្នាំនេះ។ ការងាកចេញបែបនោះនៅអឺរ៉ុបនឹងធ្វើឲ្យខូចជំហររបស់លោកBiden ជាមួយសភា ដោយរាល់ការរំពឹងទុករបស់សមាជិកសភាគណបក្សសាធារណរដ្ឋព្យាយាមរារាំងការផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន។ ប៉ុន្តែនេះពិតជាការឆ្លើយតបដែលខុស។ ប្រសិនបើការវាយលុកមានការរអាក់រអួលនោះ លោកខាងលិចនឹងត្រូវងាកមករកសំណួរអំពីរបៀបពង្រីកសមត្ថភាពវាយលុករបស់អ៊ុយក្រែនវិញ។ហើយការគាំទ្រដ៏ខ្លាំងក្លានោះគឺគប្បីត្រូវតែគាំទ្រឡើងដោយការប្រកាសចូលដ៏ច្បាស់លាស់មួយនៃសមាជិកភាពណាតូរបស់អ៊ុយក្រែន។
2. អាមេរិកព្រមានពីភាពខិតជិតនៃសង្រ្គាមនុយក្លេអ៊ែររបស់រុស្ស៊ី
យោងតាមសារព័ត៌មាន Reutersចុះផ្សាយថ្ងៃទី២០ ខែមិថុនាបានអោយដឹងថា លោកប្រធានាធិបតីJoe Biden បាននិយាយកាលពីថ្ងៃចន្ទថាការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រគឺជារឿង"ពិតប្រាកដ" នៅក្រោយពេលប៉ុន្មានថ្ងៃបន្ទាប់នៃការប្រកាសឡើងជាសាធារណៈពីការដាក់ពង្រាយអាវុធប្រភេទនេះរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស។ កាលពីថ្ងៃសៅរ៍ លោក Biden បានហៅការប្រកាសរបស់លោក ពូទីន ដែលថា រុស្ស៊ីបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដំបូងរបស់ខ្លួនទៅកាន់ប្រទេសបេឡារុស្សថា «ជាទង្វើគ្មានការទទួលខុសត្រូវទាំងស្រុង»។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកបានចាប់ផ្តើមទទួលអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលអាវុធខ្លះលោកថាមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូបីដងដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីក្នុងឆ្នាំ ១៩៤៥។ កាលពីខែឧសភា រុស្ស៊ីបានច្រានចោលការរិះគន់របស់លោក Biden អំពីផែនការរបស់ខ្លួនក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ដោយនិយាយថាសហរដ្ឋអាមេរិកបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរបែបនេះជាច្រើនទសវត្សរ៍មកហើយនៅអឺរ៉ុប។
3. តើអាហ្វ្រិចខាងត្បូងនឹងចាប់ខ្លូនពូទីនទេ?
យោងតាមសារព័ត៌មាន Foreign Policy ចុះផ្សាយថ្ងៃទី៧ ខែមិថុនាបានអោយដឹងថា ក្នុងនាមជាសមាជិកនៃ ICC ទីក្រុងព្រីតូរីយ៉ាមានកាតព្វកិច្ចចាប់ខ្លួនមេដឹកនាំរុស្ស៊ី ប៉ុន្តែលោកមានលិខិតអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅខែសីហានេះ ដូច្នេះតើនឹងមានរឿងអ្វីកើតឡើង? ក្រុមមន្ត្រីបាននិយាយថាប្រទេសអាហ្វ្រិកខាងត្បូងកំពុងពិចារណាពីលទ្ធភាពដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅក្នុងខែសីហាជំនួសវិញ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកខាងត្បូងបង្ហាញថារដ្ឋាភិបាលកំពុងពិចារណាលើសំណើរដើម្បីផ្លាស់ប្តូរកិច្ចប្រជុំកំពូលទៅកាន់ប្រទេសចិន ឬប្រទេសជិតខាង Mozambique ដើម្បីលុបបំបាត់សម្ពាធការទូតលើទីក្រុង Pretoria ។ អាហ្រ្វិកខាងត្បូងព្រួយបារម្ភថាប្រទេសរបស់ពួកគេនឹងបាត់បង់ការវិនិយោគ និងពាណិជ្ជកម្មបរទេសនាពេលអនាគតដោយសារចំណងយ៉ាងជិតស្និទ្ធរវាងសភាជាតិអាហ្រ្វិក(ANC) រក្សាជាមួយរុស្ស៊ី នៅខណៈពេលប្រទេសកំពុងជួបប្រទះបញ្ហាក្នុងស្រុកស្រាប់រួមមានដូចជាកង្វះថាមពល ភាពអត់ការងារធ្វើខ្ពស់ និង ការធ្លាក់ចុះសេដ្ឋកិច្ច។ ការប្តូរ ឬធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលBRICS ស្ទើរតែអាចដោះស្រាយបញ្ហាការទូតរបស់ ទីក្រុងPretoria ប៉ុន្តែនឹងធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយសម្ព័ន្ធមិត្តខាងកើត។ បើពួកគេគ្រាន់តែឈានទៅរកកិច្ចព្រមព្រៀងជាមួយសមាជិក BRICS ផ្សេងទៀតដើម្បីបដិសេធលោកពូទីនមិនអោយចូលរួម នោះអាចជាមធ្យោបាយតែមួយគត់ដើម្បីការពារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់អាហ្វ្រិកខាងត្បូងពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជាងនេះ។