កាលពីថ្ងៃទី១៤ ខែមិថុនាកន្លងទៅនេះ អតីតកីឡាករគុនខ្មែរលោក បឺត សំរេច បានថ្លែងឡើងនៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរនូវរឿងគួរអោយភ្ញាក់ផ្អើលមួយនៅក្នុងបទសម្ភាសន៍រវាងលោកជាមួយនឹងលោកអ៊ុក ណារីម និងអ្នកនាងឆោមឆពុំ។ នៅក្នុងវិដេអូកិច្ចសម្ភាសន៍នោះ លោកបឺត សំរេចបានទម្លាយភាពស្ងប់ស្ងាត់ជាមួយនឹងការពិតមួយទាំងអារម្មណ៍ក្តុកក្តួលឡើងថា«រូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំលេងមាសស៊ីនស៊ីសាមុត» ដែលធ្វើអោយពិធីករទាំងពីរមានភាពស្រឡាំងកាំងយ៉ាងខ្លាំង។
បន្ទាប់មកលោកបឺត សំរេចបានរៀបរាប់ពីសាវតាររបស់លោកអោយដឹងថាម្តាយរបស់លោកគឺជាអ្នករបាំព្រះរាជទ្រព្យ មានតំណក់ឈាមជ័រជាកូនកាត់ខ្មែរ ឡាវ និងចិន ដែលត្រូវជាសិស្សច្បងរបស់ភរិយាស្របច្បាប់លោកតាស៊ីនស៊ីសាមុត។
នៅពេលដែលបានដឹងថាឪពុករបស់លោករៀបការជាមួយនឹងមីង(សិស្សប្អូនរបស់ម្តាយ) ម្តាយរបស់លោកពិតជាខឹងខ្លាំងណាស់ ក៏បានសំរេចចិត្តចាកចេញទៅរស់នៅប្រទេសឡាវ ព្រមទាំងបានផ្ញើរូបលោកនៅនឹងម្តាយចិញ្ចឹមដែលត្រូវជាបងស្រីបង្កើតរបស់ម្តាយលោក។
លោកបឺត សំរេចបានថ្លែងអោយដឹងថាលោកបានព្យាយាមលាក់រឿងនេះអស់រយៈពេលជាយូរមកហើយ ព្រោះតែអារម្មណ៍អៀនខ្មាសដែលលោកត្រឹមជាកូនឥតខាន់ស្លា ចំណែកម្តាយត្រឹមតែជាស្រីកំណាន់លួចលាក់របស់ឪពុកប៉ុណ្ណោះ។ ចំណែកម្តាយរបស់លោកក៏ស្អប់លោកថែមទៀត ព្រោះតែលោកជាប់នូវតំណក់ឈាមឪពុក ទើបប្រគល់លោកមកអោយបងស្រីចិញ្ចឹមជំនួសវិញ។
ប៉ុន្តែលោកបឺត សំរេចមិនចង់បៀមទុកនូវអាថ៌កំបាំងមួយនេះពេញមួយជីវិតរបស់លោកទៀតទេ ព្រោះលោកធ្លាប់រងពាក្យគេហៅជា«កូនអត់ឪ អត់ម្តាយ» ជាយូរមកហើយ ទើបលោក និងម្តាយចិញ្ចឹមក៏បានពិភាក្សាគ្នា និងសំរេចយករឿងពិតមួយនេះមកបកស្រាយឡើងជាសាធារណៈតែម្តង។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ទាំងឪពុក និងម្តាយរបស់លោកមិនបានរស់រានមានជីវិតទេ ពេលនេះលោកសល់តែម្តាយចិញ្ចឹមប៉ុណ្ណោះ។ រឿងដែលមិននឹកស្មានដល់នេះ កំពុងចាក់ស្រេះនៅក្នុងចំណាប់អារម្មណ៍សាធារណជនយ៉ាងខ្លាំង បើផ្អែកទៅលើការបកស្រាយរបស់លោក ជាមួយនឹងភស្តុតាងទាំងនេះ គឺមហាជនមិនបានមានមន្ទិលសង្ស័យអ្វីឡើយ ប៉ុន្តែក៏មានក្រុមអ្នកស្រាវជ្រាវជំនាញផ្នែកចម្រៀងក៏បានស្នើសុំអោយលោកទៅធ្វើតេស្ត DNA បន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងកូនស្រីច្បងរបស់លោកតាស៊ីនស៊ីសាមុត។