1. អ៊ុយក្រែនបញ្ឈប់ការវាយបកប្រឆាំងនឹងកងទ័ពរុស្ស៊ី
យោងតាមសារព័ត៌មាន The Kyiv Independent ចុះផ្សាយថ្ងៃទី២០ ខែមិថុនាបានអោយដឹងថាវិទ្យាស្ថានសិក្សាអំពីសង្គ្រាមដែលហៅថា ISWបានដកស្រង់សម្តីប្រធានមជ្ឈមណ្ឌលស៊ើបការណ៍នៃកងកម្លាំងការពារជាតិអេស្តូនី លោកវរសេនីយ៍ឯក Margo Grosberg ដែលបាននិយាយនៅថ្ងៃទី 16 ខែមិថុនាថា "យើងនឹងមិនឃើញការវាយលុក (សំដៅដល់ប្រតិបត្តិការរបស់អ៊ុយក្រែន) ក្នុងរយៈពេលប្រាំពីរថ្ងៃបន្ទាប់នេះ" ។កាសែត Wall Street Journal ក៏បានរាយការណ៍ស្រដៀងគ្នាកាលពីថ្ងៃទី 17 ខែមិថុនាថាកងកម្លាំងអ៊ុយក្រែន"ភាគច្រើនបានផ្អាកការឈានចូលទៅមុខរបស់ពួកគេក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ" នៅពេលដែលមេបញ្ជាការអ៊ុយក្រែនកំពុងពិនិត្យមើលឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេ។ របាយការណ៍ទាំងនេះគឺស្របនឹងការសង្កេតនាពេលថ្មីៗនេះរបស់ ISW ផងដែរអំពីមាត្រដ្ឋាន និងវិធីសាស្រ្តនៃការវាយបករបស់អ៊ុយក្រែនដែលបានផ្តោតសំខាន់នៅភាគខាងត្បូង និងភាគខាងកើតអ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែនដូចជាអនុរដ្ឋមន្ត្រីការពារជាតិអ្នកស្រី Hanna Maliar បានបញ្ជាក់ថា ប្រតិបត្តិការវាយលុកកំពុងបន្ត។ ទាហានមកពីកងពលតូចទី 81 និងទី 57 បានប្រាប់កាសែត The Kyiv Independent ថា កងកម្លាំងអ៊ុយក្រែនកំពុងធ្វើចលនា ដោយឈានទៅមុខបន្តិចម្តងៗលើកងកម្លាំងរុស្ស៊ីនៅតំបន់ Donetsk ។ ISWបានធ្លាប់កត់សម្គាល់ពីមុនថាអ៊ុយក្រែននៅមិនទាន់បានប្តេជ្ញាចិត្តនៅឡើយទេចំពោះការប្រើប្រាស់កងកម្លាំងភាគច្រើនរបស់ពួកគេសំរាប់ប្រតិបត្តិការវាយបក ហើយនៅមិនទាន់ដំណើរការប្រតិបត្តិការវាយបកចម្បងរបស់ពួកនៅឡើយទេ។ អ្នកជំនាញបានសន្និដ្ឋានថា "ការផ្អាកប្រតិបត្តិការវាយបកនេះគឺជាលក្ខណៈទូទៅនៃប្រតិបត្តិការវាយលុកធំៗ ហើយការផ្អាកនេះមិនបង្ហាញពីការបញ្ចប់ការវាយលុករបស់អ៊ុយក្រែននោះទេ"។
2. Olaf Schultz បដិសេធអ៊ុយក្រែនមិនចូលរួម NATO
យោងតាមសារព័ត៌មាន TVP World ចុះផ្សាយថ្ងៃទី១៩ ខែមិថុនាបានអោយដឹងថាអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ណាតូនឹងមិនអញ្ជើញអ៊ុយក្រែនជាផ្លូវការឱ្យចូលរួមសម្ព័ន្ធភាពនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនៅទីក្រុង Vilnius នៅពាក់កណ្តាលខែកក្កដានោះទេ។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅទីក្រុងប៊ែកឡាំង លោក Stoltenberg បានបំភ្លឺថា ខណៈពេលដែលកិច្ចប្រជុំកំពូលនឹងពិភាក្សាអំពីវិធីនាំយកអ៊ុយក្រែនឱ្យកាន់តែខិតជិតជាមួយអង្គការណាតូ តែការអញ្ជើញជាផ្លូវការនឹងមិនត្រូវបានចេញនោះទេ។ ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា “អង្គការណាតូនឹងមិនក្លាយជាភាគី” នៃសង្រ្គាមរបស់អ៊ុយក្រែន ដែលបានផ្ទុះឡើងកាលពីឆ្នាំមុននៅក្នុងខែកុម្ភៈនោះទេ។ លោក Scholz បាននិយាយថា«យើងគួរតែត្រៀមខ្លួនសំរាប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីដែលនឹងអាចអូសបន្លាយពេលយូរ។ យើងកំពុងរៀបចំសម្រាប់រឿងនោះ និងសំរបគោលនយោបាយរបស់យើងអោយសមស្របទៅតាមនោះ។»
3. កិច្ចសហប្រតិបត្តិការរវាងអ៊ីស្រាអែល និងអ៊ុយក្រែន ក្រោមការត្រួតពិនិត្យរបស់អាមេរិក
យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី១៧ ខែមិថុនាបានអោយដឹងថា តាមសំណើរបស់សមភាគីអាមេរិក លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ត្រូវបានគេរំពឹងថានឹងនិយាយទៅកាន់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងជាងប្រាំខែមុន នេះបើតាមមន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ពីរនាក់បានប្រាប់ Axios ។ រដ្ឋាភិបាលអ៊ីស្រាអែលបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះសង្រ្គាមនៅអ៊ុយក្រែន ដោយសង្ឃឹមថានឹងមិនបង្កើតភាពតានតឹងជាមួយរុស្ស៊ី និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សន្តិសុខអ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែមន្ទីរបញ្ចកោណរយៈពេលជាច្រើនខែបានដាក់សម្ពាធអ៊ីស្រាអែលឱ្យធ្វើបន្ថែមទៀតដើម្បីជួយទីក្រុងកៀវ។ ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថាលោក Gallant និងលោក Oleksii ត្រូវបានគេរំពឹងថានឹងនិយាយគ្នាតាមទូរស័ព្ទនៅដើមសប្តាហ៍ក្រោយដើម្បីពិភាក្សាអំពីជំនួយដែលមិនបង្កគ្រោះថ្នាក់ខ្លាំងសម្បាសំរាប់អ៊ុយក្រែន។ ផែនការសម្រាប់ការហៅតាមរយៈទូរស័ព្ទនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin កាលពីថ្ងៃព្រហស្បតិ៍បានសួរលោក Gallant ថាតើលោកនឹងនិយាយជាមួយសមភាគីអ៊ុយក្រែនរបស់លោកទេ និងធ្វើអ្វីបន្ថែមទៀតដើម្បីជួយអ៊ុយក្រែន នេះបើយោងតាមការរាយការណ៍របស់មន្ត្រី។ មន្ទីរបញ្ចកោណបាននិយាយថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេ លោក Austin ក៏បានប្រាប់ Gallant ថា "ការកើនឡើងកិច្ចសហប្រតិបត្តិការយោធារវាងអ៊ីរ៉ង់ និងរុស្ស៊ី កំពុងបណ្តាលឱ្យមានផលវិបាកអវិជ្ជមានយ៉ាងខ្លាំងសម្រាប់អ៊ុយក្រែន ក៏ដូចជាតំបន់មជ្ឈិមបូព៌ា"។ អ៊ីស្រាអែលបានប្រាប់រដ្ឋាភិបាលរុស្ស៊ីថាពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរបស់រុស្ស៊ីជាមួយអ៊ីរ៉ង់ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងលទ្ធភាពដែលរុស្ស៊ីនឹងផ្តល់ឱ្យទីក្រុងតេអេរ៉ង់នូវប្រព័ន្ធសព្វាវុធទំនើប។