BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេច​ក្រឡាហោម ស ខេង ​​ជួបពិភាក្សា​ជាមួយគណៈកម្មការរដ្ឋសភា​​លើសេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្មច្បាប់បោះឆ្នោត​

ថ្ងៃអង្គារ, 20 ខែមិថុនា 2023 13:51  មានជ័យ

 

Na-photo_2023-06-20_11-35-06 (2) - choek sopon

 

​​​​គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ដែលជាគណៈកម្មការទី៦​នៃរដ្ឋសភា ដែលមាន​លោក​កិត្តិ​នីតិ​កោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នេះ បាន​​​​ដឹក​នាំ​សមាជិក សមាជិកា រដ្ឋសភា ជួប​ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាគ្នា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​វិសោធនកម្មច្បាប់បោះឆ្នោត​ នៅ​វិមានរដ្ឋសភា។​

មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានោះ​ សម្តេចក្រឡាហោម ស ខេង បាន​លើកឡើងថា យោង​តាមរដ្ឋ​ធម្មនុញ្ញ ​ដែល​ជា​ច្បាប់កំពូលរបស់ជាតិ កម្ពុជាប្រកាន់យករបបនយោបាយ​ដឹក​នាំប្រទេស​តាម​បែបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមេដឹកនាំប្រទេស ត្រូវជ្រើសរើស​តាម​រយៈការបោះ​ឆ្នោត ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោល​ការណ៍​នានា ដែល​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ផ្អែកលើ​មូលដ្ឋាន​នេះ កម្ពុជា​បានចាត់តាំងរៀបចំឲ្យមានការបោះឆ្នោតជាទៀងទាត់ ទៅតាមការកំណត់​នៃរដ្ឋ​ធម្មនុញ្ញ និង​ច្បាប់ជាធរមាន ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ និង​ក្រោម​ជាតិ តាមរយៈការបោះឆ្នោតជាសកល និងការបោះឆ្នោតជាអសកល រួមមាន៖ ការបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រ ការបោះជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ​ឃុំ សង្កាត់។

សម្តេចក្រឡាហោម ស ខេង បានបន្តថា ដំណើរការ​ប្រជាធិបតេយ្យសេរីពហុបក្ស​​បានចាក់​ឫស​​យ៉ាងរឹងមាំនៅក្នុងសង្គមកម្ពុជា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួនតាមច្បាប់ ក្នុង​នាម​ជាពលរដ្ឋល្អ និងជាម្ចាស់ប្រទេសជាតិ ដោយបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីដឹកនាំប្រទេសជាតិ ទាំង​នៅ​ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបាន​បំពេញគ្រប់​លក្ខខណ្ឌ តាមការកំណត់​នៃច្បាប់ ក៏មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដើម្បីអាចក្លាយ​ជា​អ្នក​ដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិនិងក្រោមជាតិផងដែរ។

​បើតាមសម្តេចក្រឡាហោម ស ខេង ​ដើម្បីសម្រេច​នូវ​គោល​បំណងដ៏ពិសិដ្ឋនៃ​លទ្ធិប្រជាធិ​ប​តេយ្យ​សេរីពហុបក្ស ពិសេសការជ្រើសរើសបាននូវ​អ្នកដឹកនាំ​ល្អសម្រាប់ជាតិ ពលរដ្ឋដែល​មាន​សិទ្ធិឈរឈ្មោះឱ្យការបោះឆ្នោត មិនត្រឹមតែត្រូវបំពេញ​ឱ្យ​បានត្រប់លក្ខខណ្ឌ ដែល​កំណត់​​ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណា​ចក្រ​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចាំ​បាច់​ត្រូវមានការ​ទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ​ក្នុង​សង្គមប្រជាធិបតេយ្យ។ ផ្អែក​លើស្មារតីនេះ ពិសេសដើម្បីពង្រឹង និងលើកកម្ពស់ការ​ទទួល​ខុសត្រូវរបស់អ្នកដឹក​នាំ​នយោ​បាយ ដែល​ត្រូវ​ជ្រើសរើសតាមរយៈការ​បោះឆ្នោតតាម​បែប​ប្រជាធិ​បតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ក្នុង​ការស្នើសុំធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត សំដៅកែទម្រង់ "សិទ្ធិឈរឈ្មោះ​ឱ្យគេបោះ​ឆ្នោត”។

Na-photo_2023-06-20_11-35-06 (4) - choek sopon
Na-photo_2023-06-20_11-35-06 (3) - choek sopon
Na-photo_2023-06-20_11-35-06 (1) - choek sopon
 

ក្នុងន័យនេះពលរដ្ឋដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវ​មាន​ការទទួលខុស​ត្រូវ​ខ្ពស់ចំពោះជាតិ មាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីកា​រ​អនុវត្ត​ឱ្យ​បានខ្ជាប់ខ្ជួន​នូវ​សិទ្ធិបោះឆ្នោតរបស់ខ្លួន ដោយចេញទៅបោះឆ្នោត ដែលនេះជាករណីកិច្ច​ចម្បង​របស់ពលរដ្ឋ​ល្អ ដែលមានការទទួលខុសត្រូវខ្ពស់នៅក្នុងសង្គមប្រជាធិបតេយ្យ។ ក្នុង​ករណីដែលពុំបាន​អនុវត្តនូវសិទ្ធិបោះឆ្នោតដោយចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោត ដែលរៀបចំ​ឡើង​ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយគ្មានមូលហេតុ​សម​ស្រប ពលរដ្ឋ​នោះ​មិនគួរគប្បីចាត់ទុកជាពលរដ្ឋល្អក្នុងសង្គម ប្រជាធិបតេយ្យ ដើម្បីអាច​ឈរ​ឈ្មោះឱ្យគេបោះ​ឆ្នោត​បានឡើយ។  វិសោធនកម្មនេះក៏បានកំណត់ផងដែរថា បុគ្គលណា​ដែល​បានធ្វើ​សកម្ម​ភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាព​ប៉ះពាល់ ឬធ្វើឱ្យ​ខូច​ខាតដល់កិច្ចដំណើរការនៃការបោះឆ្នោត ដែលរៀបចំដោយ​គណៈកម្មាធិ​ការជាតិរៀបចំការ​បោះ​ឆ្នោត ក៏ត្រូវប្រឈមនឹងការដកហូតជា បណ្តោះអាសន្ននូវ “សិទ្ធិឈរ​ឈ្មោះឱ្យគេបោះ​ឆ្នោត” ឬការហាមឃាត់​មិន​ឱ្យចូលរួមនៅក្នុងការបោះឆ្នោតផងដែរ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា សំណើធ្វើវិសោធនកម្មនេះ ត្រូវបាន​ធ្វើ​ឡើង​ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏មិនធ្វើឱ្យ​ប៉ះពាល់​ឡើយ​​ដល់ “សិទ្ធិបោះឆ្នោត” របស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា នោះទេ។

បន្ទាប់ពីបានស្តាប់នូវមតិបំភ្លឺយ៉ាងល្អិតល្អន់របស់​សម្តេចក្រឡាហោម ស ខេង ​និង​សហការី​រួច​មក លោកកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ​បាន​សម្តែងនូវការគាំទ្រ​ទៅលើ​សេចក្ដីព្រាង​ច្បាប់​នេះទាំងស្រុង ដោយពុំមានការកែប្រែអ្វីឡើយ។ គណៈកម្មការទី៦ នឹងធ្វើ​របាយការណ៍​ជូន​ទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេចបញ្ចូល​សេចក្តីព្រាង​ច្បាប់ស្តីពី​វិសោ​ធនកម្មច្បាប់ស្តីពីការបោះឆ្នោតនេះ ទៅក្នុងរបៀបវារៈសម័យ​ប្រជុំរដ្ឋសភា​នាពេល​ខាងមុខ ដោយចាត់ទុកជាការប្រញាប់៕​​

Na-photo_2023-06-20_11-35-06 (8) - choek sopon
Na-photo_2023-06-20_11-35-06 (7) - choek sopon
Na-photo_2023-06-20_11-35-06 (5) - choek sopon
 


ថ្ងៃអង្គារ, 20 ខែមិថុនា 2023 13:51  មានជ័យ