1. ហេតុអ្វីបានជាប្រធានចារកម្មវ័យ៣៧ឆ្នាំរបស់អ៊ុយក្រែនជាគោលដៅសំខាន់សម្រាប់ពូទីន?
យោងតាមសារព័ត៌មាន The Telegraph ចុះផ្សាយថ្ងៃទី១៧ ខែមិថុនាបានអោយដឹងថា ជម្លោះបច្ចុប្បន្នបានផ្លាស់ប្តូរឧត្តមសេនីយលោក Kyrylo Budanov ពីប្រតិបត្តិករដែលគួរអោយគោរពក្នុងស្រុកទៅជាគោលដៅអាទិភាពខ្ពស់បំផុតរបស់ទីក្រុងម៉ូស្គូ។ អង្គុយក្នុងការិយាល័យងងឹតប្រធានចារកម្មរបស់អ៊ុយក្រែនសម្លឹងកញ្ចក់កាមេរ៉ាដោយមិនបញ្ចេញសំឡេង។ វីដេអូដែលមានរយៈពេល30វិនាទីដែលបានចេញផ្សាយមុនពេលចាប់ផ្តើមប្រតិបត្តិការវាយបករបស់អ៊ុយក្រែនត្រូវបានមានចំណងជើងថា"គំរោងការណ៍ស្រលាញ់ភាពស្ងៀមស្ងាត់" ។ វាជាលើកចុងក្រោយដែលពិភពលោកបានឃើញឧត្តមសេនីយ៍ឯកលោក Kyrylo Budanov មុនពេលដែលរុស្ស៊ីបានអះអាងថាលោកបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារដោយមីស៊ីលទៅលើទីស្នាក់ការកណ្តាលនៃនាយកចារកម្មយោធារបស់លោកក្នុងទីក្រុង Kyiv។ ស្ថានភាពបច្ចុប្បន្នរបស់លោកមិនត្រូវបានគេដឹងនោះទេ៖ ប៉ុន្តែជំនួយការរបស់លោកបានប្រាប់The Telegraph ថាលោកនៅមានជីវិតនិងមានសុខភាពល្អទេ ប៉ុន្តែមិនមានរូបភាពណាមួយត្រូវបានបញ្ចេញដើម្បីបញ្ជាក់នោះទេ។ លោក Budanovយោងទៅតាម Telegraph ត្រូវបានចាត់ទុកថាជាបុគ្គលម្នាក់ក្នុងចំណោមឥស្សរជនអ៊ុយក្រែនដែលកំពុងតាមស្វែងរកខ្លួនខ្លាំងជាងគេបំផុតដោយរុស្ស៊ីដោយសារតែផែនការរបស់លោកនៃការធ្វើការវាយប្រហារនៅខាងក្នុងប្រទេសរុស្ស៊ី។ ដោយមិនបង្ហាញព័ត៌មានលម្អិតច្បាស់លាស់ លោកបានបញ្ជាក់ថា ភ្នាក់ងាររបស់លោកបានធ្វើឃាតអ្នកឃោសនារបស់វិមានក្រឹមឡាំង។ ឯកសារមន្ទីរបញ្ចកោណដែលបានបែកធ្លាយនៅលើវេទិកាផ្ញើសារDiscord បានសន្មតថាផែនការសម្រាប់"ការវាយប្រហារទ្រង់ទ្រាយធំ" នៅក្នុងប្រទេសរុស្ស៊ីក្នុងឱកាសខួបមួយឆ្នាំនៃការឈ្លានពានរបស់ទីក្រុងម៉ូស្គូក៏សំដៅទៅលើរូបលោកដូចគ្នា។ ហើយបន្ទាប់មកលោកក៏មានទំនាក់ទំនងទៅនឹងកងពលតូចប្រឆាំងវិមានក្រឹមឡាំងរបស់រុស្ស៊ី ដែលបានបើកការវាយឆ្មក់ឆ្លងព្រំដែនយ៉ាងក្លាហានចូលក្នុងតំបន់ Belgorod របស់រុស្ស៊ីផងដែរ។
2. ទាហានអ៊ុយក្រែន 750 នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល 24 ម៉ោង
យោងតាមសារព័ត៌មាន Breaking Latest News ចុះផ្សាយថ្ងៃទី១៨ ខែមិថុនាបានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ពីការលុបបំបាត់ទាហានអ៊ុយក្រែនប្រហែល 750 នាក់ក្នុងអំឡុងពេលថ្ងៃកន្លងមកដោយបន្ថែមថាចំនួននៃការខាតបង់របស់អ៊ុយក្រែនរួមមានអ្នកស្លាប់ចំនួន 380 នាក់និងរថក្រោះដែលត្រូវបានបំផ្លាញចំនួន 35 នៅលើតំបន់ Zaporizhia និងភាគខាងត្បូង Donetsk ។ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្នុងរយៈពេល24ម៉ោងកន្លងមកនេះកងកម្លាំងអ៊ុយក្រែនបានបន្តការប៉ុនប៉ងវាយប្រហារក្នុងទិសដៅនៃទីក្រុង Zaporizhia តំបន់ភាគខាងត្បូង Donetsk និងតំបន់ Donetsk ។ ហើយបានបញ្ជាក់ថារាល់ការប៉ុនប៉ងរបស់ "សត្រូវ" ក្នុងការវាយប្រហារលើតំបន់Zaporizhia ដែលបានរកឃើញថាជាការប្រយុទ្ធដ៏សាហាវបំផុតត្រូវបានបរាជ័យ ខណៈពេលដែលកងកម្លាំងរុស្ស៊ីអាចរុញច្រានការវាយប្រហាររបស់អ៊ុយក្រែនបានចំនួន 4 នៅក្នុងតំបន់ Vrimevsky នៅលើតំបន់ Donetsk ភាគខាងត្បូង។ការខាតបង់សរុបរបស់កងកម្លាំងអ៊ុយក្រែននៅលើតំបន់ទាំងពីរនេះក៏បានកើនឡើងចំនួនអ្នកស្លាប់មាន 380 នាក់ រថក្រោះ 35 គ្រឿង និងយានប្រយុទ្ធថ្មើរជើងចំនួន 33 គ្រឿង ក្នុងនោះរួមមាន Bradley ពីរគ្រឿង និងឧបករណ៍យោធាផ្សេងទៀត។
3. ពូទីនមិនលើកលែងថា Zaluzhny អាចនឹងនៅក្រៅអ៊ុយក្រែន
យោងតាមសារព័ត៌មាន Tass ចុះផ្សាយថ្ងៃទី១៨ ខែមិថុនាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មិនច្រានចោលថា អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Valery Zaluzhny អាចនឹងនៅបរទេសនោះទេ ដោយលោកពូទីនបាននិយាយក្នុងអំឡុងពេលសន្ទនាជាមួយអ្នកកាសែតរុស្ស៊ីដែលក្តោបឡើងអំពីបញ្ហាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ លោកប្រធានាធិបតីបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីកន្លែងលាក់ខ្លួនរបស់លោក Zaluzhny ថា "ខ្ញុំដឹង។ ខ្ញុំគិតថាខ្ញុំដឹង" ។ លោកពូទីនបាននិយាយថា "ខ្ញុំគិតថាលោកកំពុងនៅបរទេស។ ប៉ុន្តែខ្ញុំអាចស្មានខុសក៏ថាបាន។" ប្រព័ន្ធផ្សព្វផ្សាយជាដំបូងបានរាយការណ៍ពីរបួសធ្ងន់ធ្ងររបស់លោក Zaluzhny នៅក្នុងខែឧសភានេះ។ ក្រសួងការពារជាតិអ៊ុយក្រែនបានបដិសេធព័ត៌មាននេះ ប៉ុន្តែលោក Zaluzhny មិនត្រូវបានគេប្រទះឃើញជាសាធារណៈអស់រយៈពេលជាយូរមកហើយ ហើយមិនបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអង្គការណាតូក្នុងកម្រិតប្រធានបុគ្គលិកទៀត។ នាយកសេវាស៊ើបការណ៍បរទេសរុស្ស៊ីលោក Sergey Naryshkin បានប្រាប់អ្នកសារព័ត៌មានមុននេះថា រុស្ស៊ីកំពុងទទួលបានព័ត៌មានថ្មីៗអំពីស្ថានភាពរបស់លោក Zaluzhny ប៉ុន្តែនឹងមិនបង្ហាញព័ត៌មានលម្អិតណាមួយឡើយ។ មុននេះអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនអ្នកស្រី Anna Malyar បានបដិសេធការប៉ាន់ស្មានឡើងថាលោក Zaluzhny បានកំពុងរងរបួស។