ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តំបន់ប្រេងជាច្រើនកន្លែងពុំទាន់បានខួងយកមកប្រើប្រាស់នៅឡើយទេ ប៉ុន្តែសង្ឃឹមថា នឹងអាចខួងយកមកប្រើ នាថ្ងៃអនាគត ខណៈការសិក្សាពុំទាន់បានធ្វើអស់នៅឡើយទេ។ មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នាព្រឹកថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីកម្ពុជា បានអះអាងថា តាមរយៈការសិក្សានាពេលកន្លងទៅ កម្ពុជាមានប្រេងច្រើនកន្លែង ទាំងក្នុងដី ក្នុងទឹកសាប និងសមុទ្រ។ សម្ដេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ពុំទាន់បានខួងយកប្រេងនៅក្រោមដីនៅឡើយទេ ប៉ុន្តែនៅប្រទេសខ្លះ គេបានខួងប្រេងក្រោមបាតសមុទ្រ ក្រោមដី យកមកប្រើប្រាស់រាល់ថ្ងៃ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការសិក្សាសង្ឃឹមថា នាពេលអនាគតកម្ពុជា អាចនឹងមានប្រេង ហើយប្រេងនៅតំបន់ទន្លេសាប ក៏អាចមាន ក្នុងដីគោកក៏អាចមាន ក្នុងទឹកក៏អាចមានដែរ។ សូមរំលឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសមួយវិនិយោគខួងប្រេងនៅបាតសមុទ្រ ប៉ុន្តែក្រោយមកក្រុមហ៊ុនបរទេសនោះ បានប្រកាសក្ស័យធនដោយថា បានចំនួនប្រតិចពេក៕