សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា ស្ថិត នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និងធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។គម្រោងបាក់ខែងនេះមានសមត្ថភាពផលិតសរុប៣៩០,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ត្រូវបានបែងចែកជា២ជំហាន (ជំហានទី១ សមត្ថភាពផលិត១៩៥,០០០ម៉ែត្រគូបក្នុង១ថ្ងៃ និងជំហានទី២ សមត្ថភាពផលិត១៩៥,០០០ម៉ែត្រក្នុង១ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។ដោយឡែករោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សាងសង់នៅលើផ្ទៃដី១៥ ហិកតា ដែលមានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រនេះ បានដាក់ដំណើរការសាកល្បងផលិតទឹក និងចែកចាយទឹកស្អាតចាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងឈានដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានរយៈពេលសាងសង់ចំនួន៣៦ខែ។រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ បានបន្ថែមលើសមត្ថភាពផលិតទឹកស្អាត ដែលមានស្រាប់ចំនួន៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ១៧០,០០០គ្រួសារ និងជួយដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។នៅដើមឆ្នាំ២០២៤ ក្រោយដាក់ដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ការណ៍នេះធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវទិន្នាការកង្វះខាតទឹកស្អាតក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅកម្ពុជា។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង នឹងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប រួមមានការបញ្ចុះប្រតិបត្តិការដោយស្វ័យប្រវត្តិ ដែលនាំឱ្យអង្គភាពរក្សានូវឧត្តមភាពរបស់ខ្លួន ជាអង្គភាពគំរូក្នុងតំបន់លើវិស័យផលិត និងចែកចាយទឹកស្អាតដូចគ្នាទៅនឹងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតដទៃៗទៀតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលកំពុងដំណើរការផលិតទឹកស្អាតនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ គុណភាពទឹកស្អាត អនុលោមតាមស្ដង់ដារអន្តរជាតិ អត្រាទឹកបាត់បង់ស្ថិតក្នុងកម្រិតក្រោម១០ភាគរយ (កម្រិតនៃអត្រាទឹកបាត់បង់នេះ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេស កំពុងអភិវឌ្ឍមួយចំនួន គឺទាបជាងគេ)។សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន៨៥លានដុល្លារអាម៉េរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន១០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន១៥លានដុល្លារអាម៉េរិក។សម្រាប់ជំហានទី២ ថវិការបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាម៉េរិក ដែលទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាម៉េរិក។សរុបថវិកាវិនិយោគលើរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកាសរុបជិត ៤០០លានដុល្លារអាមេរិក។មានប្រសាសន៍នៅក្នុងពិធីនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមានមោទនភាព ចំពោះសមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនាពេលនេះ ហើយសម្តេចបានថ្លែងអំណរគុណជប៉ុន បារាំង និងអឺរ៉ុប ដែលបានជួយកម្ពុជាក្នុងដំណើររោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការទំនើបកម្មជាបន្តបន្ទាប់នូវអាងប្រព្រឹត្តកម្មទឹកស្អាតនៅភ្នំពេញនេះ គឺជាផ្នែកមួយដ៏ធំសម្រាប់ជំរុញចរន្តទឹកស្អាតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានសំពាធទឹកខ្ពស់ ហើយការធ្វើទំនើបកម្មអាងប្រព្រឹត្តកម្មទឹកស្អាតនេះ ត្រូវបានធ្វើឡើងជាជំហានៗ ដោយទី១ មានសមត្ថភាពផលិត១៩៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ និងទី២ មានសមត្ថភាពផលិត១៩៥.០០០ម៉ែត្រក្នុង១ថ្ងៃ និងគម្រោងទី៣ នឹងមានសមត្ថភាពផលិតទឹកបានកាន់តែច្រើន សម្រាប់ផ្គត់ផ្គង់នៅជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះពេលនេះ យើងមានសមត្ថភាពផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ តែតម្រូវការទឹកស្អាត នឹងកើនឡើងជាបន្តបន្ទាប់ តាមរយៈកំណើនប្រជាជន លំនៅឋាន និងរោងចក្រសហគ្រាស ក្រុមហ៊ុនជាដើម។
សម្តេចបានប្រកាសអំពាវនាវដល់ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ-AFD បន្តជួយដល់កម្ពុជាលើវិស័យទឹកស្អាត និងបានអរគុណក្រុមហ៊ុនចិនវ៉ាងស៊ី ដែលបានកសាងអគារ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។
សូមបញ្ជាក់ថា កំណើនប្រជាពលរដ្ឋ កំណើនអាជីវកម្មនានា ជាហេតុនាំឱ្យរាជធានីភ្នំពេញ មានតម្រូវការផ្គត់ផ្គង់កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាតនេះជាបន្តបន្ទាប់ផងដែរ។ នៅដើមឆ្នាំ២០២៤ ក្រោយពេលដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងមានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង១លានម៉ែត្រគូបក្នុងមួយថ្ងៃ។
បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើររោងចក្រផលិតទឹកស្អាតចំនួន៥រួមមាន៖ រោងចក្រជ្រោយចង្វារ, រោងចក្រភូមិព្រែក, រោងចក្រចំការមន, រោងចក្រនិរោធ និងរោងចក្របាក់ខែងជំហានទី១ ខណៈរោងចក្របាក់ខែងជំហានទី២ គ្រោងដាក់ដំណើរការនៅដើមឆ្នាំ២០២៤៕