នេះជាការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជិត២ ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងដូច្នេះថា “សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតត្រូវបានបញ្ជូនទៅដល់រដ្ឋសភាតាំងតែពីល្ងាចម្សិលម៉ិញ”។ សម្តេចបន្តថា ការឈានដល់ដំណាក់កាលនេះ ដោយសារតែក្រុមប្រឆាំងបានជំរុញ។ ព្រោះគេមានឧបាយកលទុច្ចរិត ក្នុងការបំផ្លាញការបោះឆ្នោត។ ដូច្នេះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ គឺចង់បានការបោះឆ្នោតមួយ ដោយមិនមានការរំខានពីគ្រប់ឧបាយកលទាំងអស់។ បើតាមសម្តេចតេជោ ហ៊ុន សែន នេះក៏ជាវិធីសាស្ត្រនៃការទប់ស្កាត់ដល់ក្រុមបំផ្លាញដំណើរការបោះឆ្នោត និងប្រជាធិបតេយ្យនៅកម្ពុជាផងដែរ គឺត្រូវចងដោយច្បាប់ ដើម្បីដាក់ទោសទណ្ឌ និងការផាកពិន័យ។ ការធ្វើវិសោធន៍កម្មច្បាប់បោះឆ្នោះនេះ គឺដើម្បីពង្រឹងការទទួលខុសត្រូវសម្រាប់ថ្នាក់ដឹកនាំនយោបាយ ដើម្បីបំពេញកាតព្វកិច្ចក្នុងការចូលរួមបោះឆ្នោត ក្នុងនាមជាប្រជាពលរដ្ឋល្អរបស់សង្គម ជាពិសេសបើចង់ឈរឈ្មោះឲ្យគេបោះឆ្នោត។ គួររំលឹកថា តាមរយៈសារជាសម្លេង កាលពីយប់ថ្ងៃទី១២ ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៏ផ្តួចផ្តើមឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដោយបានប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។
សម្តេចលើកឡើងថា អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដូច្នេះអ្នកដែលមិនបានទៅបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ។ សម្តេចអះអាងថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយច្រើន ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់ ហើយគម្រោងនេះ នឹងធ្វើឲ្យបានមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧នេះ៕