1. Austin ថាសង្រ្គាមអ៊ុយក្រែនគឺជា 'ការរត់ម៉ារ៉ាតុង មិនមែនរត់ប្រណាំង'
យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី១៥ ខែមិថុនាបានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានជំរុញឱ្យប្រទេសនានារក្សាការគាំទ្រ ដល់អ៊ុយក្រែន ខណៈដែលពួកគេកំពុងតែប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដោយហៅកិច្ចខិតខំប្រឹងប្រែងនៅក្នុងសង្រ្គាមនេះថាជា"ការរត់ម៉ារ៉ាតុង និងមិនមែនជាការរត់ប្រណាំងទេ" ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំពិភពលោកកាលពីថ្ងៃព្រហស្បតិ៍។ ការកត់សម្គាល់របស់លោក Austin បានធ្វើឡើងក្នុងកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅទីក្រុង Brussels ដែលរួមមានរដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជិត 50 ដែលជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្រ្គាមរបស់ទីក្រុង Kyiv។ នេះគឺជាលើកទី១៣ហើយដែលក្រុមចម្រុះបានប្រមូលផ្តុំគ្នាតាំងពីសង្គ្រាមបានចាប់ផ្តើម។ លោក Austin បាននិយាយឡើងថា“ការប្រយុទ្ធរបស់អ៊ុយក្រែនគឺជាការរត់ម៉ារ៉ាតុង ដែលមិនមែនជាការរត់ប្រណាំងនោះទេ។ ដូច្នេះយើងនឹងបន្តផ្តល់ឱ្យអ៊ុយក្រែននូវសមត្ថភាពបន្ទាន់ដែលខ្លួនត្រូវការក្នុងពេលនេះ ព្រមទាំងអ្វីដែលពួកគេត្រូវការដើម្បីរក្សាខ្លួនឯងឱ្យមានសុវត្ថិភាពក្នុងរយៈពេលវែងពីការឈ្លានពានរបស់រុស្ស៊ី»។
2. អាមេរិចសុំអាវុធពីជប៉ុនដើម្បីសង្គ្រោះការវាយប្រហារដែលធ្លាក់ចុះ
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១៥ ខែមិថុនាបានអោយដឹងថា កាសែត Wall Street Journal បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសជប៉ុនកំពុងពិភាក្សាដើម្បីផ្តល់គ្រាប់កាំភ្លើងធំដល់សហរដ្ឋអាមេរិកដើម្បីពង្រឹងស្តុកទុកសម្រាប់ការវាយលុករបស់អ៊ុយក្រែនប្រឆាំងនឹងប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានជួបពិភាក្សានៅទីក្រុងតូក្យូជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada ។ បន្ទាប់ពីកិច្ចប្រជុំនេះ លោក Austin បានសរសើរប្រទេសជប៉ុនចំពោះការគាំទ្រផ្នែកយោធាដែលមិនបង្កគ្រោះថ្នាក់សំរាប់អ៊ុយក្រែន ហើយបាននិយាយថាជំនួយបន្ថែមនឹងត្រូវបានស្វាគមន៍។ កាសែតបានបន្ថែមថា ទាហានអ៊ុយក្រែនប្រើប្រាស់គ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រជាង ៩០,០០០ គ្រាប់ក្នុងមួយខែដូចដែលបានរាយការណ៍ដោយក្រសួងការពារជាតិរបស់ប្រទេស។ ដូចនេះប្រទេសជប៉ុនកំពុងពិចារណាផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ 155-mm ដល់អាមេរិចសំរាប់ជាជំនួយដល់អ៊ុយក្រែនតាមនៅក្រោមកតិកាសញ្ញាឆ្នាំ 2016 ដែលថាការចែករំលែកគ្រាប់រំសេវគឺជាផ្នែកមួយនៃការគាំទ្រសម្ព័ន្ធភាពសន្តិសុខយូរអង្វែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។
3. អាមេរិកអង្វរអ៊ីរ៉ង់អោយមានបទឈប់បាញ់
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៤ ខែមិថុនាបានអោយដឹងថាយោងតាមមន្ត្រីមកពីប្រទេសចំនួនបី បានឱ្យដឹងថា រដ្ឋបាលលោក Biden បានកំពុងចរចាស្ងាត់ៗជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីកម្រិតកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran និងដោះលែងជនជាតិអាមេរិកដែលកំពុងជាប់ពន្ធនាគារនៅក្នុងផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដ៏ធំមួយដើម្បីបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយហានិភ័យនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយសាធារណរដ្ឋអ៊ីស្លាម។ គោលដៅរបស់អាមេរិកគឺដើម្បីឈានដល់កិច្ចព្រមព្រៀងមិនបានសរសេរក្រៅផ្លូវការមួយដែលមន្ត្រីអ៊ីរ៉ង់មួយចំនួនហៅថាជា«បទឈប់បាញ់ផ្នែកនយោបាយ»។ វាមានគោលបំណងទប់ស្កាត់ការកើនឡើងបន្ថែមទៀតនៃទំនាក់ទំនងដែលអាចបង្កអោយមានគ្រោះថ្នាក់នៅក្នុងរយៈពេលយូរអង្វែង ដែលភាពរកាំរកូសអាចបង្កើនឡើងនៅពេលដែលអ៊ីរ៉ង់បង្កើតឃ្លាំងស្តុកផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដែលស្ទើរតែដូចកម្រិតគ្រាប់បែក ក៏ដូចជាការផ្គត់ផ្គង់ដល់រុស្ស៊ីនូវដ្រូនសម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន និងការបង្ក្រាបយ៉ាងឃោរឃៅលើការតវ៉ានយោបាយក្នុងស្រុក។ កិច្ចចរចាដោយប្រយោល ដែលមានមួយចំនួនបានធ្វើឡើងនៅនិទាឃរដូវនេះនៅក្នុងរដ្ឋអូម៉ង់នៃឈូងសមុទ្រអារ៉ាប់ បានឆ្លុះបញ្ចាំងពីការបន្តកិច្ចពិភាក្សាការទូតរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បន្ទាប់ពីការដួលរលំនៃការចរចាជាងមួយឆ្នាំដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ 2015។ កិច្ចព្រមព្រៀងនោះបានកម្រិតដល់សកម្មភាពរបស់អ៊ីរ៉ង់យ៉ាងខ្លាំងជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។