ភ្នំពេញ៖ កិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងត្រូវចុះហត្ថលេខារួមគ្នារវាងរដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះថា ពិធីចុះហត្ថលេខារួមគ្នារវាងលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន និងលោក វ៉ាង វិនធាន (WANG Wentian) នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នាទីស្ដីការក្រសួង។ ក្នុងក្របខ័ណ្ឌមូលនិធិពិសេសនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ គម្រោងកម្ពុជាសរុបចំនួន ៩ នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ ប្រមាណ ២.០០០.០០០ ដុល្លារអាមេរិក។ គម្រោងទាំងអស់ នឹងផ្ដល់ផលកាន់តែច្រើន នៅតាមវិស័យផ្សេងៗ រួមមាន៖ វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ ខណៈក្នុងរយៈពេល៦ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានផ្ដល់ជំនួយហិរញ្ញវត្ថុ ដល់គម្រោងប្រមាណ ៨០ នៅកម្ពុជា៕