ភ្នំពេញ៖ ចំនួនប្រជាជនកម្ពុជា អាចកើនឡើងដល់២០លាននាក់ នៅកំឡុងឆ្នាំ២០៣០ខាងមុខ ខណៈរាជរដ្ឋាភិបាល រំពឹងថានឹងបន្តឆ្ពោះទៅដល់គោលដៅនៃការបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៦។ មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅឆ្នាំ២០៣០ខាងមុខ ចំនួនប្រជាជនកម្ពុជា អាចឡើងដល់ប្រមាណ២០លាននាក់។ សម្ដេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងដែរថា កាលពីក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាមានប្រជាជនប្រមាណតែ៥លាននាក់ប៉ុណ្ណោះ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ បានឡើងដល់ប្រមាណជា១៧លាននាក់។ សូមបញ្ជាក់ថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ធ្លាប់មានប្រសាសន៍ថា ប្រសិនបើកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៦ នោះនឹងបន្តឆ្ពោះទៅដល់គោលដៅនៃបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាគោលដៅ៕