ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដែលជាសេចក្ដីព្រាងច្បាប់មួយក្នុងចំណោមសេចក្ដីព្រាងច្បាប់ចំនួនពីរ នឹងត្រូវបាន គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា លើកយកមកពិនិត្យហើយឱ្យយោបល់ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ។
យោងសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់សម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួនពីរ។
សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងបន្តថា របៀបវារៈទាំងពីរ ដែលនឹងពិនិត្យហើយឱ្យយោបល់ រួមមាន៖ ១-សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និង២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន។
សេចក្ដីព្រាងច្បាប់នេះ ធ្លាប់ត្រូវបានមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា អាចនឹងបង្កើនថវិកាជាតិ លើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករកាន់តែច្រើនជាងមុន ហើយកម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួលការជះឥទ្ធិពលវិជ្ជមានលើផ្នែកចំណេះដឹង និងជំនាញ ក្នុងការពង្រឹងសក្តានុពលកំលាំងពលកម្ម និងសហគ្រិនភាពក្នុងស្រុកផងដែរ៕