ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ពិភាក្សា និងអនុម័ត នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ខណៈសេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់។ សម័យប្រជុំពេញអង្គរដ្ឋសភា បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជាការកំណត់អំពីគោលការណ៍ និងវិធានស្តីពីដើមកំណើតទំនិញនាំចេញនិងនាំចូល ជំរុញនិងសម្រួលពាណិជ្ជកម្ម ដែលទទួលបានផលប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនិងការចូលរួមទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។ សេចក្តីព្រាងច្បាប់នេះ នឹងក្លាយជាចលករក្នុងការជំរុញលំហូរពាណិជ្ជកម្ម តាមរយៈការផ្តល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការទទួលសំអាងដើមកំណើតទំនិញ ជាដើម។ សូមបញ្ជាក់ដែរថា សម័យប្រជុំពេញអង្គនេះ រដ្ឋសភាក៏បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មផងដែរ ខណៈសេចក្តីព្រាងច្បាប់ទាំងនេះ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋ៕