កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់ម្ចាស់បុរី ឱ្យផ្អាកសកម្មភាពរឹបអូសផ្ទះពីអតិថិជន ដែលយឺតយ៉ាវក្នុងការបង់ប្រាក់តាមកិច្ចសន្យា និងបញ្ជាដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវរកវិធីដើម្បីធ្វើការដោះស្រាយ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ករណីអតិថិជនបង់ប្រាក់យឺត អាចដោយសារមានបញ្ហាប្រាក់ចំណូល និងបានអំពាវនាវដល់ម្ចាស់បុរី កុំរឹបអូសផ្ទះ ប៉ុន្តែគួររៀបចំឯកសារឡើងវិញដោយ ពន្យាឆ្នាំ នៃការបង់ផ្តាច់ ឬបន្ថយចំនួនបង់ប្រចាំខែ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា អ្នកដែលធ្លាប់មានប្រាក់ចំណូលខ្ពស់ បានជួបបញ្ហា ដូច្នេះត្រូវរៀបចំឥណទានឡើងវិញ ហើយម្ចាស់បុរីទាំងអស់គួរផ្តល់ការយោគយល់ចំពោះការលំបាកនេះ។ ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានស្នើដល់ក្រុមហ៊ុនអចលនទ្រព្យនិង ឧកញ៉ា លី ហួរ ប្រធានសមាគមអចលនទ្រព្យ ឱ្យធ្វើកិច្ចការនេះ ជាមួយសមាជិក និងសមាគម ផងដែរ៕