កំពង់ឆ្នាំង៖ ជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម គ្រោងធ្វើឡើងនៅរសៀលថ្ងៃនេះ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម។មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាត់ អារ៉ាប់រួម ខណៈប្រទេសនេះជាមជ្ឈមណ្ឌលចែកចាយដ៏ធំ។ សម្តេចតេជោ បានមានប្រសាសន៍លើកឡើងដែរថា កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាច្រើន ជាហេតុធ្វើឱ្យទីផ្សាររបស់កម្ពុជា ត្រូវបានបើកជំហរ ហើយទំនិញនាំចេញក៏កាន់តែច្រើនទៅៗរហូតដល់រាប់ពាន់លានដុល្លារទៀតផង។ ជាមួយគ្នានេះដែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់បណ្តាខេត្តទាំងអស់ឲ្យខិតខំដាក់គោលដៅទាក់ទាញវិនិយោគិនឲ្យមកកាន់ខេត្តរបស់ខ្លួន ដើម្បីពលរដ្ឋក្នុងមូលដ្ឋានមានការងារធ្វើកាន់តែច្រើនបន្ថែមទៀត៕