ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញានឹងខិតខំឱ្យកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៦ បើទោះបីជាមានបញ្ហា និងបញ្ហាប្រឈមកើតឡើងខ្លះៗនៅលើពិភពលោកក៏ដោយ។ មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា សម្ដេចនៅមានជំនឿក្នុងចិត្ត ហើយជឿជាក់ថា កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៦។ សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍លើកឡើងថា ប្រសិនបើកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ២០២៦ នោះកម្ពុជានឹងបន្តឆ្ពោះទៅដល់គោលដៅនៃបង្កើនប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូចអ្វីដែលបានដាក់ចេញជាគោលដៅនាពេលកន្លងទៅ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគួសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចសព្វថ្ងៃ បានមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងការរក្សាឲ្យបាន នូវសន្តិភាព ស្ថេរភាពនយោបាយផងដែរ។ នាពេលថ្មីៗនេះ អ្នកជំនាញបានព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនក្នុងអត្រា ៥,៥ ភាគរយនៅឆ្នាំ ២០២៣ នេះ ដែលបានពីការរួមចំណែកយ៉ាងខ្លាំងពីវិស័យទេសចរណ៍ ដែលរំពឹងថា នឹងមានកំណើន ៧,៣ ភាគរយ ទិន្នផលឧស្សាហកម្ម ធ្លាក់ចុះមកនៅត្រឹម ៥,៨ភាគរយ បើធៀបនឹងជាង ៨,៣ ភាគរយកាលពីឆ្នាំ ២០២២៕