ភ្នំពេញ៖ ផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទរបស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារបរទេសចិន ក្រោយពេលបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញ។
យោងតាមស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះថា រដ្ឋបាលគយនៃប្រទេសចិន បានធ្វើបច្ចុប្បន្នភាពអំពី "ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស" បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ការត្រួតពិនិត្យ និងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ។
ស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងបន្តថា បណ្ដាក្រុមហ៊ុននាំចេញបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ"ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស" ខណៈបច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិ នៅក្នុងប្រទេសកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន ហើយអាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិនដែរ។
សូមបញ្ជាក់ថា ផលិតផលជលផលធម្មជាតិ ដែលអាចនាំចេញទៅកាន់ប្រទេសចិន ចំនួនចំនួន១២ប្រភេទ ដូចជា៖បង្គា ត្រី អន្ទង់ និងខ្យងជាដើម។
គួរបញ្ជាក់ដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា-ចិន បានចុះហត្ថលេខារួមគ្នាលើពិធីសារស្តីពីលក្ខខណ្ឌ តម្រូវការត្រួតពិនិត្យ និងអនាម័យផលិតផលជលផលធម្មជាតិ ក្នុងការនាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន៕