ការជំរុញនេះ បានធ្វើឡើងជួបពិភាក្សាការងាររវាងលោក ជា កុសល រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយសមាគមអភិរក្សដំរីអៃរាវត្តា ដែលដឹកនាំដោយលោកស្រីប្រធាន ក្លេ ចិន្តា និងសហការី នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបពិភាក្សាការងារនេះ ក្នុងនាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកលោក ជា កុសល បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សកម្មភាពការពារ និងអភិរក្សដំរី ដែលជាសកម្មភាពអាទិភាពដ៏ចម្បងរបស់សមាគម ជាពិសេសការជ្រោមជ្រែងដល់សកម្មភាពទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍នៅតំបន់ទេសចរណ៍ដ៏សម្បូរណ៍បែបនៅខេត្តរតនគីរី។
លោកបានជូនជាអនុសាសន៍ដល់សមាគម ឲ្យជម្រុញ និងពង្រឹងគុណភាព លើការការពារ និងអភិរក្សដំរី ពីព្រោះជាផលិតផលទេសចរណ៍ប្រណិតមួយសម្រាប់ទាក់ទាញទេសចរទាំងអន្តរជាតិ និងក្នុងស្រុក តាមរយៈការផ្សព្វផ្សាយរបស់ទូតសុឆន្ទៈរបស់សមាគម និងការផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម, Vlog, Tik Tok...ជាដើម ដែលមិនត្រឹមតែជាផ្នែកមួយនៃការពង្រឹងមុខមាត់ និងទីផ្សារផលិតផលទេសចរណ៍ (Tourism Destination and Product Branding and Images ) ប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយនៃការរួមចំណែកអនុវត្តគោលនយោបាយជាតិអេកូទេសចរណ៍ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ផងដែរ ខណៈដែលក្រសួងទេសចរណ៍ត្រៀមលក្ខណៈរួចជាស្រេចក្នុងការគាំទ្រ និងផ្សព្វផ្សាយពីផលិតផលទេសចរណ៍នេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាចុងក្រោយ លោករដ្ឋលេខាធិការបានជម្រុញ និងលើកទឹកចិត្តឲ្យសមាគមបន្តខិតខំស្វះស្វែងរកគំនិតបញ្ចូលសកម្មភាពទេសចរណ៍ ដែលអាចទ្រទ្រង់ដោយនិរន្តភាពដល់ប្រភពហិរញ្ញប្បទានរបស់សមាគមទៅអនាគត ហើយក្រសួងទេសចរណ៍ នឹងជម្រុញមន្ទីរទេសចរណ៍រាជធានី ខេត្តក្រុងទាំងអស់ផ្សព្វផ្សាយនិងបញ្ចូលសកម្មភាពទស្សនាដំរី កញ្ចប់ទស្សនកិច្ចទសចរណ៍ ដែលទាក់ទាញពាក់ពន្ធនឹងដំរី ដូចជាត្រៀមអាពាហ៍ពិពាហ៍ (Pre-Wedding) ឬតុបតែងសំដែង និងថតរូបជាដើម ទាំងសម្រាប់ទេសចរជាតិ ក្នុងស្រុក និងទេសចរណ៍អន្តរជាតិ និងអាចទៅឈានមានការរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍ពាក់ព័ន្ធនឹងដំរីនៅខេត្តរតនៈគីរីផងដែរ៕