អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានតម្លៃសរុបជិត២លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន បានឱ្យដឹងថា អគារនេះ មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តី សម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះមានកម្ពស់៩ជាន់ ស្មើនឹង ៤៥បន្ទប់។ អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា “អគារសម្តេចព្រះមហាសង្ឃរាជបួរគ្រី” ចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ១ដុល្លារប៉ុណ្ណោះគ្រប់២លានដុល្លារ) ហើយថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។
របាយការណ៏បានឲ្យដឹងថា អគារពុទ្ធិកសាកលវិទ្យាល័យនេះ បានបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ បើតាមលោក ឈិត សុខុន អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគចូលនូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើបកម្ម។
សំណង់ស្ថាបត្យកម្មអគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាប្រភេទសំណង់បេតុងអាមេ គោរពតាមបទដ្ឋានស្តង់ដារបច្ចេកទេស ក្បូរក្បាច់ពិពិធវិចិត្ររចនា និងសោភ័ណភាពល្អប្រណិត។ អគារនេះ ប្រើប្រាស់រយៈពេលជាង១០ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់មក។ ក្រៅពីនេះ អគារកំពុងបំពាក់សម្ភារៈបរិក្ខារទំនើបៗ និងតភ្ជាប់បណ្តាញអ៊ិនធើណេតដែលមានល្បឿនលឿន ចំណាយថវិកាអស់ប្រមាណ៥៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អគារនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញនូវអត្តសញ្ញាណជាតិ ដែលរួមបញ្ចូលគ្នានូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរជាច្រើន រំលេចចេញជាស្ថាបត្យកម្មខ្មែរបែបសហសម័យ ក្នុងសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ សម្រាប់ជាមរតករបស់រដ្ឋតរៀងទៅ។
មានប្រសាសន៏នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឱ្យមានការអគារសិក្សាថ្មីនេះ ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សម្តេចតេជោបន្តថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។
សម្តេចតេជោ បានអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។ ជាមួយគ្នានោះ សម្តេចបានជំរុញបន្ថែមទៀតដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងពង្រឹងវិស័យអប់រំសិក្សាធិការនៅកម្ពុជា ឱ្យមានកម្រិតគុណភាពកាន់តែខ្ពស់។
សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ផ្ដួចផ្ដើមបង្កើតឡើងដោយព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងបានការប្រោសព្រះរាជទាននាមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ មាននាមថា “ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា”។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន៤ពុទ្ធិកមហាវិទ្យាល័យរួមមាន៖ ១. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ, ២. ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស, ៣. ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ និង៤. ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា ដោយបណ្តុះបណ្តាលលើ៧ឯកទេសរួមមាន៖ ១. អក្សរសាស្ត្រខ្មែរ, ២. ទស្សនវិជ្ជាព្រះពុទ្ធសាសនា, ៣. វិទ្យាសាស្ត្រអប់រំ, ៤. នីតិសាស្ត្រ, ៥. គ្រប់គ្រងទូទៅ, ៦. អក្សរសាស្ត្រអង់គ្លេស និង៧. វិទ្យាសាស្ត្រកុំព្យូទ័រ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាសមាជិក សមាគមសាកលវិទ្យាល័យអន្តរជាតិ នៃអង្គការ UNESCO ហៅកាត់ថា IAU ដែលមានសាកលវិទ្យាល័យជាង៦០០ ជាសមាជិក មកពី១៣០ប្រទេសទូទាំងពិភពលោក នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២៕