ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន៣ ដែលមានទំហំទឹកប្រាក់ជាង១៥លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័ត ខណៈគម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋ បានជាង៣ពាន់កន្លែង។
របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះថា គម្រោងដែលបានសម្រេចចុះបញ្ជីរួមមាន៖
១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។គម្រោងនេះ ស្ថិតក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។
២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។គម្រោងនេះ ស្ថិតក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។
និងទី៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។គម្រោងនេះ ស្ថិតក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែង៕