រោងចក្រដំឡើងផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា ដែលបានវិនិយោគក្នុងទំហំទឹកប្រាក់ចំនួន៣៦.៧លានដុល្លារអាមេរិក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នឹងដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ នេះបើតាមប្រកាសន៏របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ស្ថិរភាពនយោបាយផ្តល់ឱកាសឱ្យកម្ពុជាទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស មកវិនិយោគនៅក្នុងប្រទេសរបស់យើង។ សម្ដេចបានរម្លឹកថា កាលពីឆ្នាំ១៩៩៧ រោងចក្រនៅក្នុងប្រទេសកម្ពុជាមានតែជាង៦៤ រោងចក្រប៉ុណ្ណោះ ប៉ុន្តែឆ្នាំ២០២៣នេះ រោងចក្រសហគ្រាសទាំងអស់នៅកម្ពុជា មានរហូត១៧០០០រោងចក្រ និងមានកម្មកររហូត១លាន៥សែននាក់។ មានប្រសាសន៏ភ្ជាប់ជាមួយបញ្ហានេះ សម្តេចបានអះអាងថា នៅខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Toyota នឹងសាងសង់រួចរាល់ ហើយនឹងចាប់ផ្ដើមដំណើការផលិតរថយន្តតទៅ។
ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ មានទុនវិនិយោគ៣៦,៧ លានដុល្លារ និងអាចបង្កើតការងារបាន១៥០នាក់។
លោកឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ដែលទទួលបានសិទ្ធិនាំចូលរថយន្ត Toyota ធ្លាប់បានបញ្ជាក់ថា ការសម្រេចចិត្តក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជានេះ ដោយសារតម្រូវការរថយន្តថ្មីៗនៅកម្ពុជាកំពុងកើនឡើង ហើយវត្តមានរោងចក្រនេះ នឹងអាចបំពេញតម្រូវការនេះបាន និងបង្កើតការងារបន្ថែមដល់ពលរដ្ឋកម្ពុជា។
ចំណែកសភាពាណិជ្ជកម្មអះអាងថា ការវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្ត ដែលជាប្រភេទឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់នេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ ដល់ការប្រើប្រាស់រថយន្ត និងការដឹកជញ្ជូននៅក្នុងប្រទេស ទាំងការបម្រើដល់វិស័យដឹកជញ្ជូនទំនិញ និងបម្រើដល់វិស័យទេសចរណ៍ ខណៈរថយន្តប្រភេទនេះ កំពុងមាននាំចូលមកកម្ពុជាច្រើន ។ ជាមួយគ្នានេះ វត្តមាននៃរោងចក្រដំឡើងរថយន្តនេះ នឹងអាចជួយកាត់បន្ថយការនាំចូលរថយន្ត បានមួយចំនួនផងដែរ។ ហើយការបង្កើតរោងចក្រដំឡើងរថយន្តនេះ អាចនឹងធ្វើឱ្យចំណូលពន្ធគយថយចុះនាពេលខាងមុខ ប៉ុន្តែតាមរយៈការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា នឹងជួយបង្កើនប្រាក់ចំណូលផ្ទៃក្នុង តាមរយៈពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស និងផ្តល់ការងារដល់ប្រជាជនខ្មែរធ្វើ។
សូមបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ រួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕