1.កងកម្លាំងគាំទ្រអ៊ុយក្រែនទំនងជាប្រើរថពាសដែកអាមេរិកចូលលុកលុយរុស្ស៊ី
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី២៣ ខែឧសភាបានអោយដឹងថា កងកម្លាំងគាំទ្រអ៊ុយក្រែនហាក់ដូចជាបានប្រើប្រាស់រថពាសដែកផលិតដោយអាមេរិកយ៉ាងហោចណាស់ចំនួនបីគ្រឿងក្នុងអំឡុងពេលចូលលុកលុយប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទកន្លងទៅនេះ។
ចំណែកឯកម្លាំងរុស្ស៊ីទំនងជាដកហូតយកបានយ៉ាងហោចណាស់ចំនួនពីរគ្រឿងក្នុងចំណោមរថពាសដែកទាំងនោះ។
ដោយមិនបានដឹងច្បាស់ទេថាតើអង្គភាពគាំទ្រអ៊ុយក្រែនដែលនៅពីក្រោយការលុកលុយនោះមានរូបភាពបែបណា តែភាគច្រើនសង្កេតឃើញថាសុទ្ធសឹងជាជនជាតិរុស្ស៊ីប្រឆាំងនឹងលោកពូទីនដែលបានមកកាន់កាប់យានជំនិះទាំងនេះដែលត្រូវបានគេស្គាល់ជាទូទៅហៅថា MRAPs។ កាលៈទេសៈដែលនាំឱ្យកងកម្លាំងរុស្សីចាប់ពួកគេបានក៏មិនត្រូវបានដឹងដែរ ប៉ុន្តែក្រុម Telegram អ្នកគាំទ្ររុស្ស៊ីបានចាប់ផ្តើមបង្ហោះរូបភាពឧបករណ៍នៅយប់ថ្ងៃចន្ទ ប៉ុន្មានម៉ោងបន្ទាប់ពីការលុកលុយបានចាប់ផ្តើម។
MRAPs ត្រូវបានបង្កើតឡើងជាលើកដំបូងសម្រាប់កងកម្លាំងសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានហើយសហរដ្ឋអាមេរិកបានផ្តល់ជាច្រើនរយដល់យោធាអ៊ុយក្រែន។
ការលុកលុយបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាសកាលពីថ្ងៃសុក្រថាលោកប្រធានាធិបតី Biden បានយល់ព្រមអនុញ្ញាតឱ្យទាហានអ៊ុយក្រែនទទួលបានការបណ្តុះបណ្តាលនៅលើយន្តហោះចម្បាំងF-16 និងបើកចំហដល់ប្រទេសផ្សេងទៀតផ្គត់ផ្គង់ដល់អ៊ុយក្រែនដែលជាការបញ្ច្រាសនឹងការធ្លាប់បានបដិសេធសំណើរអ៊ុយក្រែនសុំជំនួយន្តហោះទាំងនេះរយៈពេលមួយឆ្នាំមកនេះជុំវិញការព្រួយបារម្ភថាពួកគេនឹងអាចប្រើប្រាស់វាដើម្បីវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី និងអាចធ្វើឲ្យជម្លោះកាន់តែកើនឡើងខ្លាំងឡើង។
2. នាវារុស្ស៊ីវាយប្រហារដោយដ្រូនសមុទ្រអ៊ុយក្រែនចេញពីច្រកសមុទ្រ Bosporus
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៤ ខែឧសភាបានអោយដឹងថា យោធារុស្ស៊ីបាននិយាយថា កប៉ាល់កងទ័ពជើងទឹកដែលកំពុងល្បាតបំពង់បង្ហូរឧស្ម័ន TurkStream បានបំផ្លាញដ្រូនទាំងអស់ដែលចូលមក។
ក្រសួងការពារជាតិបានអះអាងកាលពីថ្ងៃពុធថាកប៉ាល់ឈ្លបយកការណ៍របស់កងទ័ពជើងទឹករុស្ស៊ី'Ivan Churs'បានវាយលុកការវាយប្រហារដោយទូកល្បឿនលឿនគ្មានមនុស្សបើកចំនួន 3 គ្រឿងដែលបាញ់ដោយយោធាអ៊ុយក្រែន។
នាវានេះត្រូវបានកំណត់គោលដៅលើដោយដ្រូនកាលពីព្រឹកព្រលឹមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ Türkiye ចម្ងាយប្រហែល 140 គីឡូម៉ែត្រទៅភាគឦសាននៃច្រកសមុទ្រ Bosporus នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងលោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយក្នុងអំឡុងសន្និសីទប្រចាំថ្ងៃ។
លោក Konashenkov បានបន្ថែមថា ការល្បាតរបស់កងទ័ពជើងទឹកនេះត្រូវបានដាក់ពង្រាយ បន្ទាប់ពីការវាយប្រហារលើបំពង់បង្ហូរ Nord Stream កាលពីខែកញ្ញាឆ្នាំមុន។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖«កប៉ាល់សត្រូវទាំងអស់ត្រូវបានបំផ្លាញដោយភ្លើងបាញ់ចេញពីអាវុធកប៉ាល់រុស្ស៊ី។»
យោធាបានចែករំលែកវីដេអូនៃឧប្បត្តិហេតុនេះ ដោយបង្ហាញទូកល្បឿនលឿនពណ៌ខ្មៅតូចមួយកំពុងចូលមកក្រោមការបាញ់ប្រហារដោយកាំភ្លើងធំ។ ទូកនេះបានរងការប៉ះទង្គិចដោយផ្ទាល់ និងផ្ទុះ ហើយបន្សល់ទុកផ្សែងខ្មៅលើផ្ទៃទឹក។
សង្កេតឃើញថាជុំវិញជម្លោះដែលកំពុងបន្ត អ៊ុយក្រែនតែងតែបានប្រើប្រាស់ដ្រូនសមុទ្រម្តងហើយម្តងទៀត ដើម្បីវាយប្រហារកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី។
3. អនុប្រធានស៊ើបការណ៍សម្ងាត់អ៊ុយក្រែនទំលាយពួកគេចង់សំលាប់ពូទីន
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៤ ខែឧសភាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ស្ថិតក្នុងបញ្ជីសម្លាប់របស់អ៊ុយក្រែន នេះបើតាមការបញ្ជាក់របស់អនុប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះ។ លោក Vadim Skibitsky បានបន្ថែមថាមន្ត្រីក្រោមឱវាទរបស់លោកក៏កំពុងតាមប្រមាញ់មេទ័ពកំពូលរបស់រុស្ស៊ីផងដែរ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Die Welt របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធលោក Skibitsky ត្រូវបានសួរថាតើសេវាកម្មរបស់លោកកំពុងព្យាយាមធ្វើឃាតប្រមុខរដ្ឋរុស្ស៊ីដែរឬទេ។ មន្ត្រីអ៊ុយក្រែនបានឆ្លើយតបដោយនិយាយថា លោកប្រធានាធិបតី ពូទីន ក៏គួរតែ«បានកត់សម្គាល់ថាពួកយើងកំពុងខិតទៅជិតលោកហើយ»។
យោងតាមលោក Skibitsky សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានបរាជ័យក្នុងការសម្លាប់លោកពូទីន ពីព្រោះលោក"ឃុំឃាំងផ្តាច់ខ្លួនឯង"ប៉ុន្តែបានបន្ថែមថា"ឥឡូវនេះលោកបានចាប់ផ្តើមបង្ហាញខ្លួនចេញមកហើយ" ។
ទោះជាយ៉ាងណាក៏ដោយនៅពេលដែលលោកបង្ហាញខ្លួនជាសាធារណៈ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់មិនប្រាកដថាតើពិតជាលោកមែនឬអត់? នេះបើតាមលោក Skibitsky បានលើកឡើង។
លោកបានបន្ថែមថា មន្ត្រីក្រោមឱវាទរបស់លោកក៏កំពុងតែព្យាយាមសម្លាប់លោក Yevgeny Prighozhin ប្រធានក្រុមយោធាឯកជន Wagner ផងដែរ។
លោក Skibitsky បានបន្ថែមថា"អ្នកឃោសនា"របស់រុស្ស៊ីមិនមែនជាគោលដៅអាទិភាពកំពូលសម្រាប់សេវាកម្មរបស់លោកទេ ផ្ទុយពីក្រុមមេបញ្ជាការអង្គភាពយោធារុស្ស៊ី។