ភ្នំពេញ៖ ការសាងសង់អគាររដ្ឋបាល ច្រកអន្តរជាតិ ស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចលទ្ធផលបានជាង៨០ភាគរយ ខណៈគម្រោងនេះ នឹងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ថៃ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ របាយការណ៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះថា ការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន៨៥,០៤ភាគរយហើយ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានសម្រេចលើឥណទានសម្បទានក្នុងដំណើរការសាងសង់គម្រោងនេះ ក្រោមទឹកប្រាក់ប្រមាណ ២៦.៥លានដុល្លារអាមេរិក ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន។ តាមរយៈគម្រោងសាងសង់នេះដែរ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រេចឱ្យបាននូវ ចក្ខុវិស័យ របស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូលផងដែរ៕