ភ្នំពេញ៖ អគារព្យាបាលកម្រិតអន្តរជាតិ នៃមន្ទីរពេទ្យកាលម៉ែត ដែលមានតម្លៃជាង១០០លានដុល្លារសហរដ្ឋអាម៉េរិក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា អគារព្យាបាលកម្រិតអន្តរជាតិនេះ ត្រូវបានចំណាយថវិកាសរុប១០២លាន ៨សែនដុល្លារ និង២៨១លានរៀល ដោយក្នុងនោះរួមបញ្ចូលទាំងថវិការាជរដ្ឋាភិបាល ចំនួន៣០លានដុល្លារ និងអំណោយផ្សេងៗបន្ថែមមួយចំនួនទៀត។ តាមរបាយការណ៍បានឱ្យដឹងថា អគារតេជោអភិវឌ្ឍន៍ ត្រូវបានសាងសង់ពីបេតុងអាម៉េ មានបណ្តោយប្រវែង ១៥៣ម៉ែត្រ ទទឹងប្រវែង២២.៥ម៉ែត្រ កម្ពស់១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា។ អគារតេជោអភិវឌ្ឍន៍ ក៏ត្រូវបានសាងសង់ស្របតាមប្រព័ន្ធស្ដង់ដារ មន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) ក្នុងនោះមានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ និងបំពាក់ដោយបច្ចេកវិទ្យា វេជ្ជសាស្ត្រទំនើប នាពេលបច្ចុប្បន្នផងដែរ៕