គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយមួយទៀត ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ គឺ ”គណបក្សមហាសាមគ្គីជាតិខ្មែរ” ដោយសាមិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់។
ការសម្រេចបដិសេធការចុះបញ្ជី ”គណបក្សមហាសាមគ្គីជាតិខ្មែរ” នេះ បានធ្វើឡើងបន្ទាប់ពីគ.ជ.ប បានបើកកិច្ច ដើម្បីពិភាក្សា និងសម្រេចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
បើតាមសេចក្តីសម្រេច ការបដិសេធនេះ ដោយមូលហេតុ “គណបក្សមហាសាមគ្គីជាតិខ្មែរ” មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នូវនីត្យានុកូលកម្ម។
សូមបញ្ជាក់ថា គណបក្សមហាសាមគ្គីជាតិខ្មែរ បានស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន៧ មណ្ឌលរាជធានី ខេត្ត។ក្នុងដំណើរការពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន៥ ត្រូវបាន គ.ជ.ប ចេញលិខិតជូនដំណឹងឱ្យបំពេញបន្ថែមចំណុចខ្វះខាត ហើយគណបក្សនយោបាយចំនួន៣ បានបំពេញត្រឹមត្រូវជូន គ.ជ.ប វិញ គឺគណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សខ្មែរឈប់ក្រ។ ដោយឡែកគណបក្សនយោបាយចំនួន២ទៀត មិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់នោះទេ។
ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានគណបក្សនយោបាយចំនួន២០បានដាក់ពាក្យសុំចុះបញ្ជីនៅ គ.ជ.ប។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយឡែកគណបក្សនយោបាយចំនួន២ទៀត មិនបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌ និងច្បាប់កំណត់នោះទេ គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ហើយសម្រេចបដិសេធការស្នើសុំចុះបញ្ជី៕