អគារមជ្ឈមណ្ឌលពហុឯកទេស ដែលមានឈ្មោះថា “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត មានគម្ពស់១២ជាន់ និងបំពាក់ដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ នឹងត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ជាមួយនិងពិធីដំធំនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពីការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ដែលពាក់ព័ន្ធ នឹងពិធីនេះផងដែរ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យកម្មវិធីខាងលើនេះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវ មហាវិថីព្រះមុនីវង្ស ចាប់ពីរង្វង់មូលកួចកាណុង រហូតដល់ស្តុប BKC និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ដោយ មិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរឆ្លងកាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៥ព្រឹក រហូតដល់បញ្ចប់កម្មវិធី។
គួរបញ្ជាក់ថា អគារថ្មី នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អគារថ្មីនេះ ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសីលា និងបើកការដ្ឋានសាងសង់កាលឆ្នាំ២០១៨។
អគារទំនើបនេះ មានបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ នឹងប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប។ នេះបើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងដំណើរចុះពិនិត្យមើលការងារសាងសង់ កាលពីថ្មីៗនេះ។ លោកបញ្ជាក់ថា សំណង់អគារនេះ ជាការអភិវឌ្ឍមួយជំហាននៅក្នុងវិស័យសុខាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយទៅជាមន្ទីរពេទ្យទំនើបមានលក្ខណៈគ្រប់គ្រាន់ ដើម្បីថែទាំ និងព្យាបាលប្រជាពលរដ្ឋ បានល្អប្រសើរ មិនឲ្យចាញ់ប្រទេសគេនោះទេ។ អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េ មានកំពស់១២ជាន់ អាចផ្ទុកបានរហូតដល់ទៅ៣២៨គ្រែ។
អគារទំនើបនេះ ចំណាយការសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ៤០លានដុល្លារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាល និងបណ្ដាអង្គការក្នុង និងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា៕