ភ្នំពេញ៖ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃ១,៣៥ ពាន់លានដុល្លារ ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ រវាងរដ្ឋមន្រ្តី ក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខា នាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ គម្រោងនេះ ត្រូវបានសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។ ក្រសួងបានបញ្ជាក់ថា ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ តាមការគ្រោងទុក ផ្លូវល្បឿនលឿនខ្សែទីពីរ ភ្នំពេញ-បាវិត ដែលបានចុះកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន នឹងត្រូវបើកការដ្ឋានថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕