ភ្នំពេញ៖ កម្ពុជា កំពុងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បន្ទាប់ពីទទួលបានជោគជ័យលើការរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ( ស៊ីហ្គេម ) ដែលទើបបិទបញ្ចប់កាលពីថ្ងៃទី១៧ ខែឧសភា។ គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍កីឡារបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះថា បន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យ ពេលវេលាបន្ទាប់ គឺជាចូលមកដល់នូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍កីឡា បានឱ្យដឹងបន្តថា ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡាពីរ ដែលចាប់កំណើតយូរមកហើយនៅក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាវាមិនដែលមាននៅកម្ពុជាឡើយ ទើបតែឆ្នាំ២០២៣នេះប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ទាំងពីរ បានរៀបចំធ្វើនៅកម្ពុជា។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម បានចាប់កំណើតឡើងនៅក្នុងឆ្នាំ២០០១ ដោយទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាព្រឹត្តិការណ៍កីឡានៅក្នុងតំបន់ ដែលរៀបចំនៅរៀងរាល់២ឆ្នាំម្តង ខណៈព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើកីឡាជនពិការ៕