ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ត្រូវបានបិទបញ្ចប់ ត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈការប្រគួតលើវិញ្ញាសានានា បានដំណើរការយ៉ាងជោគជ័យ ហើយមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវមោទកភាពយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ថា ទទួលបានជោគជ័យ និងអនុវត្តបានត្រឹមត្រូវ តាមស្តង់ដារអន្តរជាតិ ប្រកបដោយមោទកភាព។ សម្តេច ទៀ បាញ់ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា កីឡាទាំងអស់ សុទ្ធតែសប្បាយរីករាយ ទោះបីជាបានចំណាត់ថ្នាក់ទាប ក៏ដោយ ហើយនេះជាជោគជ័យ លើសពីការរំពឹងទុក របស់គណៈកម្មាធិការស៊ីហ្គេម។ គួសបញ្ជាក់ថា ការប្រគួតលើវិញ្ញាសានានា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ គឺកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ដោយក្នុងនោះ ទទួលបានមេដាយសរុបចំនួន ២៨១គ្រឿង រួមមាន៖មេដាយមាស ៨១គ្រឿង, មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៦គ្រឿង។ សូមជម្រាបដែរថា នៅល្ងាចថ្ងៃទី១៧ ខែឧសភានេះ រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដោយក្នុងនោះក៏មានត្រៀមបញ្ជូលនូវទស្សនីយភាពដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ដើម្បីឲ្យអ្នកចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះផងដែរ៕