កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសេចក្តីថ្លែងការណ៏មួយបានច្រានចោលចំពោះការធ្វើអត្ថាធិប្បាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។
បើតាមលោក អាន សុខខឿន ការធ្វើអត្ថាធិប្បាយទាំងនោះ បង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ។ លោកពន្យល់ថា ការមិនអាចចុះបញ្ជីចូលរួមការបោះឆ្នោតបានរបស់គណបក្សនយោបាយមួយ គឺដោយសារតែគណបក្សនោះមិនយកចិត្តទុកដាក់ចំពោះច្បាប់ និងបទបញ្ញត្តិបោះឆ្នោត ក៏ដូចជាសេចក្តីជូនដំណឹងនានារបស់ គ.ជ.ប ។ យោងតាមមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីជូនដំណឹងរបស់ គ.ជ.ប ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប ដោយភ្ជាប់មកជាមួយនូវសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ក្នុងចំណោមឯកសារផ្សេងទៀត។
លោក អាន សុខខឿន លើកឡើងទៀតថា គ្រប់គណបក្សនយោបាយទាំងអស់មានពេលវេលាត្រៀមខ្លួនគ្រប់គ្រាន់ ដើម្បីស្នើសុំសេចក្តីចម្លងលិខិតខាងលើ ព្រោះកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសជាសាធារណៈ រយៈពេលមួយឆ្នាំមុន។ ដើម្បីសម្រួលដល់កិច្ចការរដ្ឋបាលនេះ សេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនេះ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ដោយអាជ្ញាធរថ្នាក់ក្រោមជាតិពាក់ព័ន្ធ។ ដើម្បីរៀបចំដំណើរការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប ពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយ លើសគណបក្សចូលរួមប្រកួតចំនួន១៨ផ្សេងទៀតបានឡើយ។
លោកថា ការពិតនៃការបរាជ័យក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គឺដោយសារពុំមានឯកសារគ្រប់គ្រាន់ ហើយកង្វះខាតនេះ គួរតែថ្នាក់ដឹកនាំរបស់គណបក្សនយោបាយនោះទទួលខុសត្រូវ ហើយអនុប្រធានមួយរូបនៃគណបក្សនោះក៏បានថ្លែងទទួលស្គាល់ផងដែរ។ លោកអនុប្រធានគណបក្សរូបនេះក៏បានអះអាងដែរថា “ការអំពាវនាវឱ្យមានបាតុកម្មប្រឆាំងនឹងការសម្រេចរបស់គ.ជ.បគឺជាកំហុសដ៏ធ្ងន់ធ្ងរមួយ”។ ទោះជាយ៉ាងណា សេចក្តីសម្រេចបច្ចេកទេសរបស់គ.ជ.ប គណបក្សនោះ អាចធ្វើការប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញបាន។
អ្នកនាំពាក្យក្រសួងការបរទេសរូបនោះអះអាងថា អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា យ៉ាងតិចចំនួន១៨៕