ភ្នំពេញ៖ ប្រទេសទីម័រខាងកើត គឺជាប្រទេសសមាជិកមួយ ដែលបានបញ្ជូនប្រតិភូកីឡាចំនួន១៧១នាក់ មកចូលរួមប្រគួតដណ្ដើមមេដាយ ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែប្រទេសនេះ ពុំទទួលបានមេដាយមាស ដូចបណ្ដាប្រទេសជាសមាជិកដទៃនោះទេ។ របាយការណ៍គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះថា ការប្រគួតកីឡាលើវិញ្ញាសាទាំងអស់ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ ត្រូវបានបញ្ចប់ ហើយបណ្ដាប្រទេសចំនួន១០ ទទួលបានមេដាយមាស , មេដាយប្រាក់ , និងមេដាយសំរឹទ្ធ ទៅតាមប្រភេទវិញ្ញាសានីមួយៗ។ របាយការណ៍គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានបញ្ជាក់ថា សម្រាប់ប្រទេសទីម័រខាងកើត ទទួលបានត្រឹមមេដាយសំរឹទ្ធ តែ៨គ្រឿងប៉ុណ្ណោះ។ សូមបញ្ជាក់ថា ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ហើយ ដោយក្នុងនោះ ប្រទេសវៀតណាម ស្ថិតក្នុងលំដាប់លេខរៀងទី១ ដែលប្រគួតដណ្ដើមបានមេដាយច្រើនជាងគេ ខណៈប្រទេសថៃ ស្ថិតក្នុងលំដាប់លេខរៀងទី២ ហើយប្រទេសឥណ្ឌូនេស៊ី ស្ថិតក្នុងលំដាប់លេខរៀងទី៣ និងម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងលំដាប់លេខរៀងទី៤។ សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មានប្រតិភូកីឡាទាំងអស់ចំនួន១២,៤០៤ នាក់ និងមកពី១១ប្រទេស៕