បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបដិសេធចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួនមិនអាចទទួលយកបានឡើយ ចំពោះសេចក្ដីសម្រេចរបស់ គ.ជ.ប នេះ ដូច្នេះនឹងប្តឹងតវ៉ាទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញចំពោះការបដិសេធនេះ។
នៅលើសេចក្តីថ្លែងការណ៍ គណបក្សភ្លើងទៀនយល់ឃើញថា សេចក្តីសម្រេចបដិសេធរបស់ គ.ជ.ប គឺផ្ទុយពីចំណុចទី១ នៃមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងប្រការ៤.៧ ចំណុច៤.៧.៣.១ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានកំណត់ឱ្យគណបក្សនយោបាយ ដែលបានដាក់ពាក្យចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវជូនភ្ជាប់ជាមួយនូវសេចក្ដីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។
បើតាមគណបក្សភ្លើងទៀន ការសម្រេចនោះ ផ្ទុយពីការអនុវត្តការងាររៀបចំការបោះឆ្នោតនាពេលកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល គ.ជ.ប បានទទួលស្គាល់ការចូលរួមរបស់គណបក្សភ្លើងទៀន រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក ដែលទើបបំបែក និងបង្កើតថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ ថ្មីៗកន្លងមកនេះ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គណបក្សភ្លើងទៀននៅមានពេល៥ថ្ងៃ ដើម្បីប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីទទួលបានលិខិតបដិសេធរបស់គ.ជ.ប គឺសាមីគណបក្សអាចបន្តធ្វើការតវ៉ាប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនឱ្យលើសពី៥ថ្ងៃ បន្ទាប់ពីគ.ជ.ប ចេញលិខិតបដិសេធ។ ចំណែកក្រុមប្រឹក្សាធម្មនុញ្ញមានរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានបណ្តឹង ដើម្បីឆ្លើយតបទៅសាមីគណបក្សនោះវិញ។
គួររំលឹកថា ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៥ ខែឧសភា គ.ជ.ប បានសម្រេចបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥មណ្ឌលរាជធានីខេត្ត ដោយមូលហេតុ គណបក្សភ្លើង ទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់ពីនីត្យានុកូលកម្ម។
ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយសរុបចំនួន១៨គណបក្សហើយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងនោះ ក្នុងចំណោមគណបក្សចំនួន២០ ដែលបានដាក់ពាក្យសុំចុះបញ្ជី មានគណបក្សមួយ គឺគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបានគ.ជ.ប កំពុងឱ្យបំពេញបន្ថែមនូវចំណុចខ្វះខាត។ រីឯគណបក្សភ្លើងទៀន គឺគ.ជ.ប បានសម្រេចបដិសេធតែម្តង៕