នេះជាការបំភ្លឺរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីរសៀលថ្ងៃអាទិត្យទី១៤ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីការលើកឡើងរបស់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វែ្រល និងការលើកជាសំណួររបស់លោក ជួប នរក្សា អ្នកសារព័ត៌មាន RFI។ លោក កន សាវាង្ស បានលើកឡើងថា “ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ។ ចំណែកសំណួររបស់លោក ជួប នរក្សា អ្នកសារព័ត៌មាន RFI បានលើកឡើងថា “ការផ្លាស់ប្តូរនីតិវិធីរបស់ គ.ជ.ប។
បើតាមសេចក្តីបំភ្លឺនោះ ស្ថាប័ន គ.ជ.ប បានអះអាងថា ការលើកឡើងនោះ នាំឲ្យមានការភាន់ច្រឡំ បាត់ទំនុកចិត្ត និងមិនឆ្លុះបញ្ចាំងពីស្មារតី នៃការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ក្នុងដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នោះឡើយ។ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប. បានបញ្ជាក់ថា គ.ជ.ប មិនបានកែប្រែ នីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។
គ.ជ.ប ពន្យល់ថា កថាខណ្ឌទី២ នៃមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា “ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ថ្ងៃ មុនថ្ងៃបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវឯកសារចំនួន ១០ ប្រភេទ ដែលប្រភេទទី១. សេចក្តីចម្លងលិខិត បញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ១ច្បាប់ និងប្រភេទទី២។
ផ្អែកតាមលិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ មីនា ឆ្នាំ២០០០ បានធ្វើការណែនាំដល់ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើនីត្យានុកូលកម្មលើប្រកាស ស្តីពីការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដោយមិនគិតកម្រៃសេវា ដោយជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្សនយោបាយដែល បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាម ច្បាប់ស្តីពីការបោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ។
ផ្អែកតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ណ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្តីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រង់ចំណុចទី១ បានកំណត់ថា “គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លង លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបពា្ជក់ នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ”។ ចំណែកសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្តីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ត្រង់ ចំណុចទី១ បានកំណត់ថា “គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការ ចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយ អាជ្ញាធរ ក្រុង ស្រុក ខណ្ឌ”។
ដោយឡែក សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួង មហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ។
គ.ជ.ប អះអាងថា គ.ជ.ប អនុវត្តស្ដង់ដារតែមួយ តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយឯករាជ្យ សេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព៕