ភ្នំពេញ៖ គណ:កម្មាធិការជាតិ រៀបចំប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ត្រៀមបញ្ជូល ទស្សនីយភាពអស្ចារ្យ នៅក្នុងពិធីបិទ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដើម្បីជាការចងចាំនូវព្រឹត្តិការណ៍នេះ។ អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១៥ ខែឧសភានេះថា ទស្សនីយភាពថ្មីៗ ដែលបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណីរបស់កម្ពុជា ត្រូវបានត្រៀមដាក់បញ្ចូលក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ លោកបានបញ្ជាក់ថា ទស្សនីយភាពថ្មីៗ ដែលមានភាពប្រណិត ស្រស់ស្អាត ស្តង់ដារ និងអស្ចារ្យ គឺរៀបចំឡើងដើម្បីឲ្យអ្នកចូលរួម មានភាពសប្បាយរីករាយ ប្លែកភ្នែក និងចងចាំនូវព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បានលើកឡើងថា កម្មវិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ CAMSOC នៅតែចាត់ទុកការងារសន្តិសុខសណ្តាប់ធ្នាប់ជាអាទិភាពទី១ ដើម្បីការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលមកចូលរួមទស្សនា សូមជម្រាបថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន៕