ភ្នំពេញ៖ កម្ពុជា កំពុងស្ថិតក្នុងលំដាប់លេខរៀងទី៤ ដែលទទួលបានមេដាយ នាការប្រគួតកីឡាចម្រុះ ក្នុងព្រឹតិ្តការណ៍ស៊ីហ្គេម លើកទី៣២ ដែលកំពុងប្រព្រឹត្តធ្វើឡើងក្នុងរាជធានីភ្នំពេញ។ របាយការណ៍របស់គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ខែឧសភានេះថា កម្ពុជា ទទួលបានមេដាយសរុបចំនួន២៣០គ្រឿង រួមមាន៖ មេដាយមាស ចំនួន៦៥, មេដាយប្រាក់ ៦១, និងមេដាយសំរឹទ្ធ ចំនួន១០៤គ្រឿង។ គណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានឱ្យដឹងដែរថា ប្រទេសវៀតណាម នៅតែស្ថិតក្នុងលំដាប់លេខរៀងទី១ នៃតារាងមេដាយ ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន២៩៤គ្រឿង រួមមាន៖ មេដាយមាស ចំនួន១០៧, មេដាយប្រាក់ ៩២, និងមេដាយសំរឹទ្ធ ចំនួន៩៥គ្រឿង។ នៅក្នុងការប្រគួតនាព្រឹត្តិការណ៍នេះ ប្រទេសថៃ បានស្ថិតក្នុងលំដាប់លេខរៀងទី២ នៃតារាងមេដាយ ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន២៤៦គ្រឿង រួមមាន៖ មេដាយមាស ចំនួន៩១, មេដាយប្រាក់ ៦៨, និងមេដាយសំរឹទ្ធ ចំនួន៨៧គ្រឿង។ ចំណែកលំដាប់លេខរៀងទី៣ នៃតារាងមេដាយ ត្រូវបានគណៈកម្មាធិការជាតិ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បញ្ជាក់ថា បានលើប្រទេសឥណ្ឌូនេស៊ី ដោយក្នុងនោះទទួលបានមេដាយសរុបចំនួន២០៩គ្រឿង រួមមាន៖ មេដាយមាស ចំនួន៦៨, មេដាយប្រាក់ ៦១, និងមេដាយសំរឹទ្ធ ចំនួន៨០គ្រឿង៕