គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នារសៀលថ្ងៃសុក្រទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី កាប្តូរបណ្ណចូលទស្សនាពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស។
សេចក្តីជូនដំណឹងបញ្ជាក់ថា ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ គណៈកម្មាធិការជាតិនឹងរៀបចំ ផ្តល់ជូននូវបណ្ណចូលទស្សនាថ្មី សម្រាប់ពិធីបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលបានចុះឈ្មោះកន្លងមក ត្រូវយកសំបុត សម្រាប់ពិធីបិទ ”ទៅប្ដូរយកបណ្ណចូលទស្សនាថ្មី ពីបញ្ជរប្តូរបណ្ណ ដែលមានទីតាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅរៀងរាល់ម៉ោងធ្វើការ ។ ពេលព្រឹក ចាប់ពីម៉ោង៨ និង៣០នាទី ដល់ ១១ និង៣០នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង២៣០នាទី ដល់៥ និង៣០នាទីល្ងាច។
សូមបញ្ជាក់ថា ពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែឧសភា ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយគេជឿថា នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្ដាប្រទេសជាតិមិត្ដ អង្គទូត ភ្ញៀវជាតិ-អន្ដរជាតិ និងថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងមហាជនយ៉ាងច្រើនកុះករ។
គណៈកម្មាធិការរៀបចំបានឲ្យដឹងដែរថា ដើម្បីធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធីបិទព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រខាងលើ ពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសម្រេចបោះពុម្ភសារជាថ្មីនូវបណ្ណចូលទស្សនា និងបណ្ណរថយន្ដ សម្រាប់ប្រើប្រាស់ក្នុងពិធីបិទជាផ្លូវការ ដើម្បីប្រើប្រាស់ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ៕