កាលពីរសៀលថ្ងៃទី១១ ខែឧសភាកន្លងទៅនេះ កីឡាករកម្ពុជាមួយរូបទទួលបានការបំពាក់មេដាយ និងកាន់ទង់ជាតិកម្ពុជាប្រកបដោយជ័យជំនះ និងមោទនភាពក្រៃលែងនៅក្រោមតំណក់ទឹកភ្លៀងធ្លាក់ប្រោសព្រំនៅឯពហុកីឡាដ្ឋានជាតិមរតកតេជោ។ គួររំលឹកផងដែរ កីឡាករអត្តពលិកកម្ពុជាមួយរូបនេះគឺជាលោក ឈុន ប៊ុនថន ដែលមានប្រវត្តិជាកីឡាករជម្រើសជាតិកម្ពុជាផ្នែកកីឡាទ្រីយ៉ាងត្លុងចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ គួរបញ្ជាក់ផងដែរថាកីឡាទ្រីយ៉ាងត្លុងនេះរួមមានប្រភេទកីឡាមួយចំនួនដូចជាកីឡាជិះកង់ ហែលទឹក និងរត់ប្រណាំងជាដើម។
នៅក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះផងដែរ លោកឈុន ប៊ុនថនក៏បានសាងកំណត់ត្រាសាជាថ្មីដោយការបំបែកយកចំណាត់ថ្នាក់លេខ១ទទួលបានមេដាយមាសនៅលើវិញ្ញាសាររត់ប្រណាំរយៈចម្ងាយ៨០០ម៉ែត្រនាំមុខលើប្រទេស៨ទៀតដោយឈរនៅលើលំដាប់កំពូលបំផុត។
កត់សម្គាល់ឃើញថានៅក្នុងអំឡុងពេលនៃការប្រកួតនោះ ដំបូងឡើយលោកឈុន ប៊ុនថនស្ថិតនៅចំណាត់ថ្នាក់ក្រោយគេនោះទេ តែដោយសារតែការខំប្រឹង និងទឹកចិត្តមោះមុតរបស់លោកដើម្បីជាតិមាតុភូមិ កីឡាកររូបនេះក៏អាចសន្សំកំលាំងបន្ថែមល្បឿនផ្តួលគូប្រជែងទាំងឡាយអោយនៅក្រោយវិញ និងជាពិសេសបាននាំមុខគូប្រជែងដែលលោកធ្លាប់បានអះអាងថាពិបាកយកឈ្នះគឺប្រទេសវៀតណាមបានសំរេច និងតាមពីក្រោយដោយប្រទេសម៉ាឡេស៊ីមួយទៀត។
នៅចុងក្រោយ កីឡាករឈុនប៊ុនថនបានរៀបរាប់ទឹកភ្នែកថាសោកស្តាយដែលជ័យជំនះនេះលោកមិនអាចធ្វើអោយឪពុកម្តាយលោកមើលឃើញ លោកពិតជាចង់ធ្វើអោយឪពុកម្តាយលោកសប្បាយចិត្តណាស់។ ម្យ៉ាងវិញទៀតលោកក៏បានរៀបរាប់យ៉ាងចេញពីចិត្តគួរអោយរំជួលចិត្តថា«ខ្ញុំអត់មានអ្វីសំណូមពរទេសម្រាប់អ្នកគាំទ្រទាំងអស់ ពីព្រោះប្រទេសយើងទើបតែអភិវឌ្ឃន៍ទៅលើកីឡាផ្សេងៗ ។ អ្វីដែលខ្ញុំចង់ឲ្យបេះដូងកម្ពុជារួមតែមួយនោះគឺ ត្រូវតែគាំទ្រទៅលើកីឡាទាំងអស់ ក្នុងប្រទេសកម្ពុជា មិនថា កីឡាបាល់ទាត់ កីឡាអត្តពលកម្ម កីឡាហែលទឹក គឺជាកីឡាតែមួយបេះដូងខ្មែរតែមួយ ។»